ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងនារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមាន១-ឈ្មោះ កែវ រ័ត្នធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២-ឈ្មោះ គឹម រ៉ាវី ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣-ឈ្មោះ ស៊ន សុមន្ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងទី៤-ឈ្មោះ រី សីហា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖
ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់,ទូរស័ព្ទដៃចំនួន៥គ្រឿង, ម៉ូតូចំនួន២ គ្រឿងនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបន្តថា កាលវេលាម៉ោង ៩:១០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងបានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្លាកយីហោសូរ៉ានី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងមួយចំនួន៕ យឹម សុថាន