អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសថា ខ្លួនមិនចូលរួមក្នុងការចរចាស្ដីពីសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ីឡើយ ។ អ្នកនាំពាក្យរូបនេះអះអាងថា បរិមាណនុយក្លេអ៊ែរបស់ចិន មិនទាន់ដល់កម្រិតដែលត្រូវចូលរូមចរចាជាមួយប្រទេសពីរទៀត ដែលមាននុយក្លេអ៊ែរធំជាងគេលើពិភពលោកឡើយ ។ ប៉ុន្តែចិននៅតែប្រកាន់ជំហរកាត់បន្ថយអាវុធប្រល័យលោកនេះដដែល ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបន្តថា ចិនបានបញ្ជាក់ជំហររបស់ខ្លួនច្រើនដងមកហើយ។ ពោល គឺចិនគ្មានបំណងចូលរួមក្នុងជំនួបដែលត្រីភាគីអាមេរិក-រុស្ស៊ី-ចិនស្ដីពីការគ្រប់គ្រងនុយក្លេអ៊ែរឡើយ។ អ្នកស្រី Hua និយាយបែបនេះជាការឆ្លើយតបនឹងការលើកឡើងរបស់ប្រេសិតអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ Marshall Billingslea ដែលស្នើឲ្យចិនគិតគូរពីជំហររបស់ខ្លួនម្ដងទៀត។
លោកស្រី Hua បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមិថុនាម្សិលមិញថា អំណាចនុយក្លេអ៊ែររបស់ចិនមិនទាន់ស្មើអាមេរិកនិងរុស្ស៊ីឡើយហើយវាក៏មិនទាន់ដល់ពេលដែលចិនត្រូវចូលតុចរចាដើម្បីកាត់បន្ថយនុយក្លេអ៊ែររបស់ខ្លួនដែរ។ បើតាមមន្ត្រីរូបនេះ ប្រទេសមាននុយក្លេអ៊ែរច្រើនត្រូវតែមានការទទួលខុសត្រូវចម្បង និងពិសេសជាងគេក្នុងការរំសាយនុយក្លេអ៊ែរ។
«គិតតាមកាលៈទេសៈសព្វថ្ងៃ អាមេរិកគួរតែឆ្លើយជាវិជ្ជមានទៅនឹងសំណើរបស់រុស្ស៊ីក្នុងការបន្តសុពលភាព New START ហើយកាត់បន្ថយនុយក្លេអ៊ែរក្នុងឃ្លាំងរបស់ខ្លួន ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសនុយក្លេអ៊ែរឯទៀតចូលរួមក្នុងការចរចាពហុភាគីសំដៅកាត់បន្ថយអាវុធមួយនេះ។» លោកស្រី Hua និយាយបែបនេះមុននឹងបន្ថែមថា អាមេរិកកំពុងប្រើល្បិចចាស់ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះ។
សូមជម្រាបថា អាមេរិក និងរុស្ស៊ី នឹងបើកការចរចាលើសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលនឹងអស់សុពលភាពនៅខែកុម្ភៈឆ្នាំ២០២១ ។ សន្ធិសញ្ញានេះមានគោលដៅកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរក្នុងឃ្លាំងរបស់មហាអំណាចទាំងពីរនេះ។ មុនការចរចាមកដល់អាមេរិកចង់ឲ្យចិនដែលមាននុយក្លេអ៊ែរដែរនោះ ចូលរួមការចរចាជាត្រីភាគី។ម្ដងជាពីរដង ចិនបានបដិសេធមិនចូលរួមការចរចានេះឡើយ។
បើទោះជាមិនចូលរួមក្នុងការចរចាជាមួយរុស្ស៊ី និងអាមេរិកក្ដី អ្នកនាំពាក្យខាងលើប្រកាសថា ចិននៅតែរក្សាជំហរចចូលរួមក្នុងការប្រឹងប្រែងរបស់ពិភពលោកក្នុងការកាត់បន្ថយនុយក្លេអ៊ែរដដែល។ អ្នកស្រីបន្តថា ចិនតែងស្នើឲ្យមានការរៀបចំសន្និសីទស្ដីពីការរំសាយនុយក្លេអ៊ែរ និងយន្តការរបស់មហាអំណាចទាំងប្រាំដើម្បីឈានទៅកាន់ការកាត់បន្ថយហានិភ័យដែលពិភពលោកអាចធ្លាក់ចូលសង្គ្រាមនុយក្លេអ៊ែរ៕ដោយ៖ស តារា