ព័ត៌មានទាន់ហេតុការណ៍៖

ចិន​ប្រកាស​ជំហរ​មិន​ចូលរួម​ក្នុង​ការចរចា​ ស្ដីពី​សន្ធិ​ស​ញ្ញា​គ្រប់គ្រង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក និង​រុស្ស៊ី​នោះឡើយ

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ​នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសថា ខ្លួនមិនចូលរួមក្នុងការចរចាស្ដីពីសន្ធិញ្ញាគ្រប់គ្រងនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ីឡើយ អ្នកនាំពាក្យរូបនេះអះអាងថា បរិមាណនុយក្លេអ៊ែរបស់ចិន មិនទាន់ដល់កម្រិតដែលត្រូវចូលរូចរចាជាមួយប្រទេសពីរទៀតដែលមាននុយក្លេអ៊ែរធំជាងគេលើពិភពលោកឡើយ ប៉ុន្តែចិននៅតែប្រកាន់ជំហរកាត់បន្ថយអាវុធប្រល័យលោកនេះដដែល

អ្នកនាំពាក្យក្រសួងការបរទេសចិនបន្តថា ចិនបានបញ្ជាក់ជំហររបស់ខ្លួនច្រើនដងមកហើយ ពោល គឺចិនគ្មានបំណងចូលរួមក្នុងជំនួបដែលត្រីភាគីអាមេរិក​-​រុស្ស៊ី​-​ចិនស្ដីពីការគ្រប់គ្រងនុយក្លេអ៊ែរឡើយ អ្នកស្រី Hua និយាយបែបនេះជាការឆ្លើយតបនឹងការលើកឡើងរបស់ប្រេសិតអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ Marshall Billingslea ដែលស្នើឲ្យចិនគិតគូរពីជំហររបស់ខ្លួនម្ដងទៀត

លោកស្រី Hua បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមិថុនាម្សិលមិញថា អំណាចនុយក្លេអ៊ែររបស់ចិនមិនទាន់ស្មើអាមេរិកនិងរុស្ស៊ីឡើយហើយវាក៏មិនទាន់ដល់ពេលដែលចិនត្រូវចូលតុចរចាដើម្បីកាត់បន្ថយនុយក្លេអ៊ែររបស់ខ្លួនដែរ បើតាមមន្ត្រីរូបនេះ ប្រទេសមាននុយក្លេអ៊ែរច្រើនត្រូវតែមានការទទួលខុសត្រូវចម្បង និងពិសេសជាងគេក្នុងការរំសាយនុយក្លេអ៊ែរ

«​គិតតាមកាលៈទេសៈសព្វថ្ងៃ អាមេរិកគួរតែឆ្លើយជាវិជ្ជមានទៅនឹងសំណើរបស់រុស្ស៊ីក្នុងការបន្តសុពលភាព New START ហើយកាត់បន្ថយនុយក្លេអ៊ែរក្នុងឃ្លាំងរបស់ខ្លួន ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសនុយក្លេអ៊ែរឯទៀតចូលរួមក្នុងការចរចាពហុភាគីសំដៅកាត់បន្ថយអាវុធមួយនេះ​» លោកស្រី Hua និយាយបែបនេះមុននឹងបន្ថែមថា អាមេរិកកំពុងប្រើល្បិចចាស់ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះ

សូមជម្រាបថា អាមេរិក និងរុស្ស៊ី នឹងបើកការចរចាលើសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលនឹងអស់សុពលភាពនៅខែកុម្ភៈឆ្នាំ២០២១ សន្ធិសញ្ញានេះមានគោលដៅកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរក្នុងឃ្លាំងរបស់មហាអំណាចទាំងពីរនេះ មុនការចរចាមកដល់អាមេរិកចង់ឲ្យចិនដែលមាននុយក្លេអ៊ែរដែរនោះ ចូលរួមការចរចាជាត្រីភាគីម្ដងជាពីរដង ចិនបានបដិសេធមិនចូលរួមការចរចានេះឡើយ

បើទោះជាមិនចូលរួមក្នុងការចរចាជាមួយរុស្ស៊ី និងអាមេរិកក្ដី អ្នកនាំពាក្យខាងលើប្រកាសថា ចិននៅតែរក្សាជំហរចូលរួមក្នុងការប្រឹងប្រែងរបស់ពិភពលោកក្នុងការកាត់បន្ថយនុយក្លេអ៊ែរដដែល អ្នកស្រីបន្តថា ចិនតែងស្នើឲ្យមានការរៀបចំសន្និសីទស្ដីពីការរំសាយនុយក្លេអ៊ែរ និងយន្តការរបស់មហាអំណាចទាំងប្រាំដើម្បីឈានទៅកាន់ការកាត់បន្ថយហានិភ័យដែលពិភពលោកអាចធ្លាក់ចូលសង្គ្រាមនុយក្លេអ៊ែ៕ដោយ៖ស តារា


ចែករំលែក៖