ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសម្បុកកូវីដ-១៩​ថ្មីក្នុងសាលាយោធាឥណ្ឌូនេស៊ី បញ្ជាឲ្យធ្វើតេស្តទៅលើយោធាទាំងអស់

ចែករំលែក៖

ឥណ្ឌូនេសុី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោកPrabowo Subianto កាលពីថ្ងៃទី​១០ ខែកក្កដា បានស្នើឲ្យធ្វើតេស្តរកកូវីដ-១៩​ទៅលើកម្លាំងទាហានទាំងអស់នៅក្នុងប្រទេសនេះ​ក្រោយពេលរកឃើញ​មានករណីឆ្លងកូវីដ​នៅក្នុងសាលា ទាហានជើងគោកក្នុងទីក្រុង Bandung ភាគខាងលិចខេត្តជ្វា។
មកដល់ថ្ងៃនេះ​មានអ្នកឆ្លងកូវីដ​-១៩​នៅក្នុងកងទ័ពកើនឡើង១.២៦២នាក់ នៅសាលាយោធាBandung។
អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោកDahnil Anzar Simanjuntak បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិPrabowo បានស្នើឲ្យធ្វើតេស្តទៅលើកម្លាំងទាហានទាំងអស់ ។កម្លាំងទាហានឥណ្ឌូនេស៊ី​បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ នៅក្នុងប្រទេស។ ប៉ុន្តែក្រោយពីរកឃើញ មានទាហានឆ្លងកូវីដ​-១៩​ក្រសួងការពារជាតិបានស្នើឲ្យធ្វើតេស្តទៅលើទាហានទាំងអស់ ដែលបានចូលរួម​ក្នុងសកម្មភាពសង្គម ដើម្បីបញ្ចៀសការឆ្លងដល់​ពលរដ្ឋវិញ។
តាមគេហទំព័រ ​worldometerបានឱ្យដឹងថា ​គិតមកដល់វេលាម៉ោង​៣រសៀលថ្ងៃទី ១១ខែកក្កដា ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ​-១៩​សរុប ៧២,៣៤៧នាក់ ក្នុងនោះសា្លប់៣,៤៦៩នាក់ និងជាសះស្បើយ៣៣,៥២៩នាក់៕ដោយ៖ធី រីណា


ចែករំលែក៖