ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុយអែត​មានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក

ចែករំលែក៖

អន្តរជាតិ៖ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ នេះប្រទេសស៊ុយអែត​មានអ្នកស្លាប់ដល់ទៅ ៥១ ៤០៥នាក់ ក្នុងនោះមានជាង​៥ពាន់នាក់ស្លាប់​ដោយកូវីដ-​១៩ គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥០ឆ្នាំកន្លងមក។
ជាមួយយុទ្ធនាការប្រឆាំងកូវីដ​-១៩ បើប្រៀបធៀបចំនួនប្រជាជន គឺប្រទេសស៊ុយអែតមានអ្នកស្លាប់ខ្ពស់ជាងគេបំផុត​នៅតំបន់អឺរ៉ុបខាងជើង បើទោះបីប្រទេសស៊ុយអែតមានចំនួនអ្នកឆ្លងទាបជាងប្រទេសអង់គ្លេស និងអេស្ប៉ាញ ក៏ដោយ។ សរុបប្រទេសស៊ុយអែតមានអ្នកស្លាប់ដល់ទៅ​៥១.៤០៥នាក់​​ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៨៦៩ ដែលនៅពេលនោះមានអ្នកស្លាប់​៥៥​.៤៣១នាក់​ ភាគច្រើនស្លាប់ដោយគ្រោះអត់ឃ្លាន។
ក្នុងឆ្នាំ​១៨៦៩ប្រជាជនស៊ុយអែតមានតែ ៤,១លាននាក់ប៉ុណ្ណោះ​​ ហើយបច្ចុប្បន្ន​មានពលរដ្ឋ ១០,៣លាននាក់ ។ ចំនួនអ្នកស្លាប់​នៅក្នុងប្រទេសស៊ុយអែតកើនឡើងខ្ពស់ជាង​១០ភាគរយ បើប្រៀបធៀបនឹងកម្រិតមធ្យម ក្នុងរយៈពេល​៥ឆ្នាំកន្លងមក។
បច្ចុប្បន្ន ស៊ុយអែត​មានអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅ ​៨៥​.៤១១នាក់ និងស្លាប់កើនឡើងដល់ ៥.៨០២នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើង​ដល់ទៅជិត៨មុឺននាក់ផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖