អន្តរជាតិ៖ តាមសារព័ត៌មាន Daily Beast បានផ្សាយថា ក្រោយរយៈពេល១សប្តាហ៍ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសម៉ាលី ហើយមេដឹកនាំពីររូប ចូលរួមក្នុងរដ្ឋប្រហារនោះបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយខាងលើបានផ្សាយថា មន្ត្រីយោធាមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំយោធាដឹកនាំធ្វើរដ្ឋប្រហារមានឈ្មោះថា Malik Diav និង Sadio Camara បានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ។ តាមសារព័ត៌មានអាមេរិក មេទ័ពដែលទទួលបានការហ្វឹកហាត់ពីរុស្ស៊ីមិនយូប៉ុន្មានក៏មានរដ្ឋប្រហារកើតឡើង។
នៅពេលនេះសារព័ត៌មាន Sputnik របស់រុស្ស៊ី មិនទាន់មានការវិភាគអ្វីជុំវិញការលើកឡើងរបស់សារព័ត៌មានអាមេរិកនៅឡើយទេ។ កន្លងមក Sputnikធ្លាប់បានផ្សាយថា មេទ័ពដឹកនាំធ្វើរដ្ឋប្រហារមានឈ្មោះ Malik Diav ជាមេបញ្ជាការ និង លោកSadio Camara ជាមេបញ្ជាការរង។
ជាមួយគ្នានេះដែរ គណប្រតិភូ សហគមន៍សេដ្ឋកិច្ច អាហ្វ្រិកខាងលិច(ECOWAS ) បានទៅកាន់ប្រទេសម៉ាលី ដើម្បីពិភាក្សាជាមួយ រដ្ឋាភិបាលយោធា និងប្រធានាធិបតីដែលត្រូវយោធាបង្ខំឲ្យចុះចេញពីតំណែង ដើម្បីដំណើរការផ្លាស់ប្តូរការដឹកនាំដោយសន្តិភាព តាមរយៈបោះឆ្នោតប្រជាធិបតេយ្យ៕ ធី រីណា