បណ្តារដ្ឋចំនួន៣ដូចជារដ្ឋ New York, New Jersey និង Hawaii បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយចោទប្រកាន់ថាមានយុទ្ធសាស្ត្របំផ្លាញ ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ។
នៅថ្ងៃទី២៥ ខែសីហា រដ្ឋទាំងបីខាងលើ បានសម្រេចប្តឹង រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានធ្វើឲ្យរាំងស្ទះដល់សេវាកម្មប្រៃសណីយ៍។
អភិបាលរដ្ឋញូវយ៉កលោកស្រី Letitia James បានប្រកាសថា សកម្មភាពផ្លូវច្បាប់ប្តឹងប្រឆាំងរដ្ឋាភិបាល ធ្វើឡើងនៅតុលាការរដ្ឋ វ៉ាស៊ីនតោន ក្រោយបញ្ចប់ការសាកសួររបស់សភាទៅលើអគ្គនាយកក្រសួងប្រៃសណីយ៍(USPS)លោកLouis DeJoy ជាបុគ្គលគាំទ្រលោកត្រាំ។
តាមគម្រោង ពលរដ្ឋអាមេរិកនិឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី តាមរយៈសេវាប្រៃសណីយ៍ ដោយសារតែការឆ្លងរាលដាលកូវីដ១៩នៅអាមេរិកច្រើនមិនអាចទៅចូលរួមបោះឆ្នោតគ្នាច្រើនកុះករនោះបានឡើយ។
បណ្តារដ្ឋ New York, New Jersey និង Hawaii បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាល ដែលមានសកម្មភាពធ្វើឲ្យរាំងស្ទះសេវាកម្មបោះឆ្នោតតាមប្រៃសណីយ៍។ កន្លងមក អគ្គនាយក (USPS) បានព្រមានថា នឹងមិនផ្តល់សន្លឹកឆ្នោតទាន់ពេលវេលា ទៅកាន់ទីតាំងរាប់សន្លឹកឆ្នោតនោះឡើយ។
កាលពីថ្ងៃទី២២ខែសីហា រដ្ឋសភាអាមេរិកបានអនុម័តថវិកាចំនួន២៥ពាន់លានដុល្លារឲ្យទៅក្រសួងប្រៃសណីយ៍ ដើម្បីដំណើរការរៀបចំបោះឆ្នោតតាមប្រៃសណីយ៍ដោយជោគជ័យ។ ប៉ុន្តែប្រធានាធិបតីត្រាំបានប្រឆាំងដោយចោទថានឹងមានការបន្លំ ពេលបោះឆ្នោតតាមប្រៃសណីយ៍៕ដោយ៖ធី រីណា