ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងស្នើក្រុមគ្រូពេទ្យឈប់ធ្វើកូដកម្ម វិលត្រឡប់មកទប់ស្កាត់កូវីដ​-១៩​វិញ

ចែករំលែក៖

រដ្ឋាភិបាលកូរ៉េខាងត្បូង​បានស្នើដល់ ក្រុមគ្រូពេទ្យឈប់ធ្វើកូដកម្ម ហើយវិលត្រឡប់មកធ្វើការដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩វិញ។
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង លោក Park Neung-hoo បាននិយាយថា «រដ្ឋាភិបាល​នឹងទប់ស្កាត់រាល់សកម្មភាពរួម​ដែលប៉ះពាល់ដល់សង្គម​ គំរាមកំហែងដល់អាយុជីវិតពលរដ្ឋ»។ លោក​ Park Neung-hoo បន្តទៀតថា បុគ្គលិកដែលបន្តធ្វើកូដកម្ម​មិនវិលត្រឡប់មកធ្វើការវិញ​អាចនឹងត្រូវបញ្ឈប់ពីការងារជារៀងរហូត ហើយដកហូតលិខិតស្នាម​។ មិនតែប៉ុណ្ណោះអាចនឹងត្រូវជាប់គុក​​៣ឆ្នាំទៀតផង​។
ក្រុមគ្រូពេទ្យនៅទីក្រុងសេអ៊ូលនិងតំបន់ផ្សេងៗទៀតទូទាំងប្រទេស​បានមកចូលរួម​មហាកូដកម្មរយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី​២៦ខែសីហានេះ​ដើម្បីប្រឆាំង​គម្រោង​បង្កើនចំនួននិស្សិតពេទ្យក្នុងប្រទេសនេះ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ការធ្វើកូដកម្ម​ បង្ខំឲ្យមន្ទីរពេទ្យ​ត្រូវតែកាត់បន្ថយម៉ោងធ្វើការ​ ចំណែកការវះកាត់ផ្សេងៗក៏ត្រូវផ្អាកផងដែរ​។ មន្ទីរពេទ្យចំនួន​២ពាន់កន្លែង​ប្រកាសថា​នឹងបិទទ្វារក្រោយសមាគមគ្រូពេទ្យ​ពិភាក្សាជាមួយរដ្ឋាភិបាល​មិនបានជោគជ័យ​។
តាមគម្រោង រដ្ឋាភិបាល​នឹងបង្កើនចំនួននិស្សិតពេទ្យ​បន្ថែម៤ពាន់នាក់ទៀតក្នុងរយៈពេល​១០ឆ្នាំខាងមុខ​ ដើម្បីធានាថាមានគ្រូពេទ្យគ្រប់គ្រាន់​ដើម្បីថែរក្សាសុខាភិបាលពេលមានហេតុការណ៍អាក្រក់កើតឡើងដូចជាការឆ្លងរាលដាលកូវីដ​-១៩ជាដើម៕

ដោយ៖ធី រីណា


ចែករំលែក៖