ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០នៅចំណុចបរិវេណវត្តសាមគ្គីមន្នីរតន៍ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះយុំា ចិត្រា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងឈ្មោះប្រាក់ កក្កដា ហៅហួត មុខរបរជាងផ្សារដែកស្ថិតក្នុងភូមិកំពោជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។
ប្រភពបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់បានចុះបង្រ្កាបមុខសញ្ញាជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ យុំា ចិត្រា និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីន ចំនួន៤កញ្ចប់ ។
ប្រភពបន្តទៀតថា ក្រោយមកតាមចម្លើយរបស់ជនសង្ស័យឈ្មោះឈ្មោះយុំា ចិត្រា ឆ្លើយថាវត្ថុតាងខាងលើខ្លួនទិញពីឈ្មោះ ប្រាក់ កក្កដា ហៅហួត ទើបនៅវេលាម៉ោង១៦និង៥០នាទីរសៀលកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ប្រាក់ កក្កដា ចាប់ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនចំនួន១២កញ្ចប់និងទូរស័ព្ទដៃ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕ យឹម សុថាន