ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ករណីកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងជារឿងមិនអាចលើកលែង​

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ​បានប្រកាសថា មន្ត្រីទទួលបន្ទុកដែនសមុទ្រនិងនេសាទ កូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់គឺជារឿងមិនអាចទទួលយកបានឡើយ​។
តាមការលើកឡើងរបស់ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកKang Min Seok នៅថ្ងៃទី​២៤ខែកញ្ញា បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាង មានសកម្មភាពទទួលខុសត្រូវពាក់ព័ន្ធ នឹងមន្ត្រី​កូរ៉េខាងត្បូង​ដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅតំបន់សមុទ្រ​ព្រំដែនប្រទេសទាំងពីរ​។
ប្រធានាធិបតីមូន បានស្នើដល់កម្លាំងទាហានបង្កើនការរក្សាសន្តិសុខ​​ ការពារអាយុជីវិតរបស់ខ្លួន​ និងសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងទាំងមូល។
នៅថ្ងៃទី​២៤ខែកញ្ញានេះដែរ គណៈកម្មការសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) ​បានបញ្ជាក់ថា មន្ត្រី​កូរ៉េខាងត្បូងអាយុ​៤៧ឆ្នាំ​ត្រូវ ទាហានកូរ៉េខាងជើង​បាញ់សម្លាប់កាលពីដើមសប្តាហ៍កន្លងមក​។ លោកត្រូវបានគេប្រកាសថាបាត់ខ្លួន កាលពីថ្ងៃទី​២១ខែកញ្ញា ពេលកំពុងត្រួតពិនិត្យ​តំបន់ព្រំដែនសមុទ្រប្រទេសទាំងពីរ ។
តាមព័ត៌មានពីក្រុមចារកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់ថា ​ទាហានកូរ៉េខាងជើងបានរក​ឃើញ​សពមន្ត្រីដែលបាត់ខ្លួននៅតំបន់សមុទ្រ​កូរ៉េខាងជើង ។ ទីក្រុងសេអ៊ូលបានបញ្ជាក់ថា នៅវេលាម៉ោង១៥និង​៣០នាទី​រសៀលថ្ងៃទី​២២ខែកញ្ញា កូរ៉េខាងជើងបានរកឃើញសាកសពមន្ត្រីខាងលើ ។ ប៉ុន្តែមកទល់ពេលនេះព័ត៌មានលម្អិតស្តីពីមន្ត្រី កូរ៉េខាងត្បូងដែលបាត់ខ្លួននោះមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ៕ដោយ៖ធី រីណា


ចែករំលែក៖