លោកស្រី Hicks ទីប្រឹក្សាប្រធានាធិបតីដូណាល់ ត្រាំ ហើយតែងតែអមដំណើរលោកត្រាំនៅក្នុងកម្មវិធីនានានោះ ពេលនេះរកឃើញវិជ្ជមានកូវីដ-១៩។ កាលពីថ្ងៃទី៣០ ខែកញ្ញាលោកស្រី Hicks ក៏មានវត្តមាននៅក្នុងកម្មវិធីតស៊ូមតិ លើកដំបូងរវាង លោកត្រាំ នឹងលោកបៃឌិនដែរ។
នៅថ្ងៃទី២ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោកត្រាំ គឺលោកស្រីHope Hicks បានឆ្លងកូវីដ-១៩។ ការឆ្លងកូវីដ-១៩ បានបង្កក្តីបារម្ភយ៉ាងខ្លាំង អាចឆ្លងរាលដាលដល់ប្រធានាធិបតីដូណាល់ ត្រាំ ។ អ្នកនាំពាក្យសេតវិមានលោកJudd Deere បានឲ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខភាពរបស់លោក ក៏ដូចជាអ្នកធ្វើការជាមួយលោក ។
សេតវិមានអាមេរិកបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយបណ្តាស្ថាប័នសំខាន់ៗដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅសេតវិមាន ។ ការរកឃើញទីប្រឹក្សាប្រធានាធិបតីឆ្លងកូវីដ-១៩ នៅពេលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈការបោះឆ្នោតនៅសល់តែមួយខែទៀតប៉ុណ្ណោះ។
នៅពេលនេះដែរ លោកត្រាំក៏ទទួលបានដំណឹងមិនល្អមួយទៀត គឺ អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រModerna លោកStephane Bancel បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មិនទាន់អាចសុំលិខិតអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់បានមុនថ្ងៃទី២៥ ខែតុលានៅឡើយទេ។ ព័ត៌មានខាងលើ បានធ្វើឲ្យបាត់បង់ក្តីសង្ឃឹមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលចង់ឲ្យមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានមុនពេលបោះឆ្នោតនោះ៕
ដោយ៖ធី រីណា