ព័ត៌មានទាន់ហេតុការណ៍៖

ដែនជម្រកសត្វព្រៃកែវសីមាជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះកម្រជាច្រើន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះអំឡុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នក សារព័ត៌មានជិត ២០ ស្ថាប័នចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងរេដបូកលក់ឥណទាន កាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ 

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ជាមួយប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវនិងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាង គេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះមានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ 

នៅអំឡុងទស្សនកិច្ចនៅក្នុងសហគមន៍អណ្តូងក្រឡឺងក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿង ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានបានឃើញវត្តមានសត្វស្វាកន្ទុយសជាច្រើននៅក្នុងតំបន់ព្រៃស្រោង។ លោក នេត្រ ភក្ត្រា បានបង្ហាញពីមោទនភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាន និងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោកត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ លោករដ្ឋលេខាធិការបានថ្លែងថា យោងតាមរបាយ ការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២០០០០ ក្បាលហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១២០០ក្បាល។

«សត្វព្រៃទាំងនេះគឺជាសម្បត្តិធម្មជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជានិងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ពិភពលោក»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋលេខា ធិការក្រសួងបរិស្ថានដោយបានជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមមានមន្ត្រីឧទ្យានុរក្ស អង្គការដៃគូនិង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សានិងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ដែលសកម្មភាពទាំងនេះបានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវៈចម្រុះ ផ្សេងទៀត។ លោក នេត្រ ភក្ត្រា បានបន្តថា៖ «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេ កូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្សនិងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទនឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។ 

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានអរគុណ ដល់អង្គការដៃគូដែលបានចូលរួមសហការ និងផ្តល់បច្ចេកទេសក្នុងការពង្រឹងកិច្ចការអភិរក្សនេះឱ្យបាន ជោគជ័យ។ បច្ចុប្បន្ននេះ តំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។ តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា កាលពីឆ្នាំ២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧០០០ដុល្លារសហរដ្ឋអាមេរិកជូនដល់សហគមន៍៕

ដោយ៖ សិលា


ចែករំលែក៖