ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានការចេញនូវយុទ្ធសាស្ត្រ មួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម រួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកសលំហែរ និងសកម្មភាពផ្សេងៗទៀតសម្រាប់ជនមានពិការភាព។
លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះ ខណៈលោកចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ជូនសមាជិកក្រុមការងារសកម្មភាពជនពិការ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំធ្វើនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងនាមតំណាងឲ្យ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិសេសក្រុមការងារសកម្មភាព ជនពិការប្រចាំក្រសួង ក្នុងការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ លើផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ឲ្យសម្រេចបានជោគជ័យដូចការរំពឹងទុក។
ជាមួយគ្នានោះ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបនូវចំណេះដឹង ស្តីពី «ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការជាសិក្ខាកាម ដើម្បីយកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួន។
លោកស្រី បានបន្ថែមថា សម្រាប់ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩-២០២៣ និងការចូលរួមរបស់ជនពិការក្នុងវិស័យវប្បធម៌ គឺបានចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវប្បធម៌ អក្សរសាស្ត្រ សិល្បៈនិងវិទ្យាសាស្ត្រ ដែលជាសក្តានុពលទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មច្នៃប្រឌិត បង្កើនផលិតផលវប្បធម៌ក្នុងស្រុកថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងសម័យសាកលភាវូបនីយកម្ម បង្កើតការងារក្នុងស្រុកនិងបង្កើនចំណូលថវិកាជាតិ ដែលស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានការចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កឱកាសចូលរួមដោយសមភាពក្នុងសកម្មភាពសង្គម រួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកសលំហែរ និងសកម្មភាពផ្សេងៗទៀតសម្រាប់ជនមានពិការភាព ក្នុងនោះរួមបញ្ចូលមាន៖
១៖ ការធានាដល់ការចូលរួមសកម្មភាពសង្គមរួមមានវប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ លម្លៃ និងសកម្មភាពផ្សេងៗទៀត។
២៖ ការកៀរគរប្រភពធនធានដើម្បីធានាដល់ការផ្គត់ផ្គង់សម្ភារៈផ្សេងៗក្នុងវិស័យសិល្បៈ វប្បធម៌ដល់ជនមានពិការភាពដែលមានលទ្ធភាពអាចប្រើប្រាស់បាន។
៣៖ ការចងក្រងជាក្រុមសិល្បៈនិងសម្របសម្រួលដើម្បីឲ្យជនមានពិការភាពអាចមានលទ្ធភាព ចូលរួមកម្មវិធីសិល្បៈ វប្បធម៌ ក្នុងកម្មវិធីរបស់ទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗ។
៤៖ ការបង្កើតកម្មវិធីសិល្បៈនិងសកម្មភាពវប្បធម៌ដើម្បីបង្ហាញសក្តានុពល ដែលជនមានពិការភាព អាចចូលរួមសម្តែង បង្ហាញសមត្ថភាព និងប្រកួតប្រជែងបាន។
៥៖ ការអភិវឌ្ឍទេពកោសល្យខាងបញ្ញា សិល្បៈ គំនិតច្នៃប្រឌិត និងកីឡាជាសាធារណៈនៅគ្រប់កម្រិត។
៦៖ ការកសាងគោលនយោបាយបញ្ចុះតម្លៃលើមធ្យោបាយធ្វើដំណើរ? ស្នាក់នៅ ហូបចុក និងទីកន្លែងកម្សាន្ត សេវាផ្សេងៗ
លោកបានបញ្ជាក់ថា ក្នុងន័យនេះ កត្តាមួយចំនួនអាចរួមចំណែកដោះស្រាយនូវការប្រកាន់ខ្ជាប់អំពីជំនឿអវិជ្ជមានចំពោះពិការភាពបាន រួមមាន៖
ការបង្កើនការយល់ដឹងអំពីពិការភាពក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ការចូលរួមលើកតម្តើងនកិត្តិយស ការផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពរបស់ជនមានពិការភាពពីសំណាក់សិល្បៈករ សិល្បៈការិនីរី កវីនិពន្ធ និងផលិតករ ព្រមទាំងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍, ការដាក់បង្ហាញស្នាដៃនិពន្ធ វត្ថុកែច្នៃធ្វើដោយដៃ គ្រឿងចម្លាក់ ឬផលិតផងផ្សេងៗទៀត ដែលធ្វើដោយជនមានពិការភាពក្នុងពិធីផ្សេងៗនៃ វិស័យវប្បធម៌និងវិចិត្រសិល្បៈជាដើម៕
ដោយ៖សុខ ខេមរា