ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរស្មីសង្កែ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តកំពង់ចាម។ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែលបានសម្ពោធនាពេលនេះ មានដូចជាដំបូលព្រះវិហារ កុដមួយខ្នង និងស្រះទឹក ដែលចំណាយថវិការសរុបប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក ។លោកអភិបាលខេត្ត ក៏បានយកឱកាសនោះអបអរសាទរដែលវត្តរស្មីសង្កែទទួលបាននូវសមិទ្ធផលថ្មីៗ និងថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជាបច្ច័យក្នុងការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុកព្រៃឈររបស់យើង ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រមកដល់ពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព នាំឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមានលទ្ធភាពក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឱ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ៕
ដោយ ៖ សិលា