ខេត្តក្រចេះ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការអញ្ជើញចូលអាជ្ញាធរថ្នាក់ក្រោមជាតិដែលជា ប្រធានក្រុមប្រឹក្សាខេត្ត,អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាជាច្រើនរូបអញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុក ដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
ទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១. ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២. ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣. ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់, ៤.ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ ។
ទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង ស្រុក ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។
ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់នូវអនុសាសន៍ជំរុញឲ្យថ្នាក់ក្រោមជាតិបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវ ប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាពការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់ បន្ថយបានហានិភ័យ៕
ដោយ៖ សូរិយា