ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតីឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍនៅនឹងកន្លែងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ បានបញ្ជាក់ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច»។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍ ។ ដូច្នេះ, សូមកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍រយៈពេលខ្លី សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទៅលើប្រព័ន្ធអេកូឡូស៊ីនៃវិស័យទេសចរណ៍ទាំងមូល ។ ត្រង់នេះហើយ គឺជាអត្ថន័យនៃឃ្លាដែលថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។

សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ រួមមាន៖ 

ទី១- សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ទី២- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ, ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ ។ ទី៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍, ការតភ្ជាប់ និង ការដឹកជញ្ជូន ។ 

ទី៤- ត្រូវជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ។ 

ទី៥- សូមលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម, បណ្តាញសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានារបស់កម្ពុជា ។ ទី៦- សូមរដ្ឋបាលរាជធានី-ខេត្ត បំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុង ស្រុក ឃុំ ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលយើងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ។ 

ទី៧-សូមចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងសមត្ថភាពប្រជាសហគមន៍ ជាចំណែកមួយដ៏សំខាន់ក្នុងការរុញឲ្យពួកគាត់កាន់តែទទួលបានជោគជ័យ ជាមួយនឹងផលិតផលដែលមាននៅហ្នឹ ងកន្លែង មុនស្វែងរកការចូលរួមពីវិស័យឯកជនទៅវិនិយោគ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មុននឹងយើងទៅរកវិស័យឯកជនមកវិនិយោគ យើងផ្ដោតទៅលើការពង្រឹងសមត្ថភាពរបស់សហគមន៍ បើគាត់បានជោគជ័យនៅហ្នឹងកន្លែងជាផលិតផលរួចទៅហើយ ព្រោះផលិតផលនៅមូលដ្ឋានសុទ្ធតែមាន។ សំណួរសួរថា អ៊ីចឹងយើងឈប់ឲ្យវិស័យឯកជនចូលវិនិយោគ? អត់ទេ ព្រោះសមត្ថភាពរបស់សហគមន៍មិនអាចទៅគ្រប់កន្លែងបានទេ កន្លែងណាសហគមន៍គ្រប់គ្រងបានយើងឲ្យសហគមន៍ តែកន្លែងខ្លះអត់បានទេ»។

ត្រង់ចំណុចផ្ដល់អាទិភាពឲ្យប្រជាសហគមន៍នេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ប្រសិនបើតំបន់ទេសចរណ៍ណាប្រជាសហគមន៍ អាចមានសមត្ថភាពផ្ដល់សេវាគាំទ្រគ្រប់គ្រាន់ហើយនោះ មិនចាំបាច់តម្រូវឲ្យមានការវិនិយោគចូលបន្ថែមទៀតឡើយ។ ប៉ុន្ដែប្រសិនបើតំបន់ទេសចរណ៍នោះធំ សហគមន៍មិនមានសមត្ថភាពគ្រប់គ្រាន់ទេ គឺត្រូវមានការវិនិយោគបន្ថែម ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបើកច្រកឲ្យឯកជនវិនិយោគនៅតំបន់ទេសចរណ៍ គឺត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដោយធ្វើយ៉ាងណាមិនត្រូវឲ្យប៉ះពាល់ដល់សហគមន៍ដាច់ខាត ពោលត្រូវប្រើប្រាស់អភិក្រម«ចែកគ្នារស់»។ ការណែនាំនេះ ក្រោយសម្ដេចទទួលបានសំណើដោយបង្ហាញពីក្ដីបារម្ភរបស់សហគមន៍ នៅពេលចុះពិនិត្យផ្ទាល់នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ៕

ដោយ ៖ សិលា


ចែករំលែក៖