ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។
បើតាមការបញ្ជាក់ពីមេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ជា តារា បានឱ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបទីតាំងមួយនេះ ដែលមានម្ចាស់ទីតាំងឈ្មោះ លី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នកតំណាងទីតាំងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ មានតួនាទីគណនេយ្យ។
លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ទៀតថា ក្រោយចុះបង្ក្រាប, កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យរកឃើញថាមានរថយន្តខុសច្បាប់ និងធ្វើការឃាត់ទុករួមមាន៖
ទី១៖ ក្បាលរថយន្តសណ្តោងរម៉កចង្កូតស្ដាំចំនួន១៤គ្រឿង
ទី២៖ រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំចំនួន១០គ្រឿង
ទី៣៖ រម៉កសណ្តោងមានសាទែនចំនួន២គ្រឿង
ទី៤៖ សាមីរម៉ក ចំនួន៤គ្រឿង។ សម្រាប់រថយន្តកែច្នៃទាំងនេះ ត្រូវបានប្រគល់ជូនមន្រ្តី គយ និងរដ្ឋាករចាត់ការតាមនីតិវិធី។
បច្ចុប្បន្នវត្ថុតាងជាឧបករណ៍សម្រាប់ដាប់លេខតួរថយន្តចំនួន១ឈុត ត្រូវបានយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើតាមនីតិវិធី ហើយឈើមួយចំនួនត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ តារា