ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី កុយ សាលីណា ខេង សុមេធ និង លោក លី សារី អភិបាលរងខេត្តសៀមរាប បានអញ្ជើញប្រកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ វត្តរាជបូណ៌ ក្រុងសៀមរាប ក្រោមព្រះវត្តមាន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ រួមនឹងការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។
ទិវារំឭកព្រះឧបការគុណនាពេលនេះ ជាការបណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃឱ្យបានដឹងនូវសកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបីដកខ្មែរ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកព្រះអង្គថាជាវីរបុរសដ៏អស្ចារ្យ ដោយព្រះអង្គបានលះបង់កម្លាំង កាយចិត្ដ និងប្រើពេលប្រមាណ៤០ឆ្នាំ ក្នុងបេសសកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ទើបសម្រេចបានចប់សព្វគ្រប់ នូវគម្ពីរដ៏ពិសិដ្ឋ ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន និងមានលក្ខណៈពិសេសជាងបណ្តាប្រទេស ដែលគោរពព្រះពុទ្ធសាសនាដទៃទៀ លើពិភពលោកទាំងអស់។ លក្ខណៈពិសេសនោះ គឺប្រទេសទាំងនោះ មានត្រឹមភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរបានរៀបចំឱ្យមានទាំងភាសាដើម គឺមគធភាសា ឬភាសាបាលី និងភាសាខ្មែរ។
គោលបំណង នៃការរៀបចំនេះ គឺដើម្បីរំឭកដល់មហាវីរសាមណៈ បណ្ឌិត អ្នកប្រាជ្ញខ្មែរដែលបានបន្សល់ទុកនូវស្នាព្រះហស្ត ស្នាដៃ ដែលជាឧបការគុណដ៏ធំធេងពុំអាចគណនាបាន។ ស្នាដៃទាំងនោះរួមមាន បទនគរាជវចនានុក្រមខ្មែរគម្ពីរព្រះត្រីបិដក ១១០ភាគ បកប្រែពីភាសាបាលីមកជាភាសាខ្មែរនៅឆ្នាំ ១៩៣០-១៩៦៨ រួមនិងក្បួនច្បាប់សម្រាប់វិស័យអប់រំផ្នែកពុទ្ធិកសិក្សាព្រមទាំងសៀវភៅជាច្រើនទៀត ដែលពុំអាចរៀបរាប់អស់៕
ដោយ ៖ សិលា