ខេត្តបាត់ដំបង៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារ ណជនឱ្យបានជ្រាបថា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥នេះបានកត់សម្គាល់ឃើញគណនី facebook ឈ្មោះ Lida Deoung បានសរសេរបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៥នៅលើផ្លូវលេខ 57B ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងអំពើ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង រវាងរថយន្ត បុកគ្នាជាមួយនឹងរថយន្តដូចគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បន្ទាប់ពីធ្វេីការវាស់វែងរួចការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្ទូចយករថយន្តមួយគ្រឿងមកកាន់ទីកន្លែងរក្សាទុករថយន្តគ្រោះថ្នាក់ស្នងការដ្ឋានដោយសាររថយន្តស្ទូចដឹកបានតែរថយន្តមួយគ្រឿង រីឯរថយន្តមួយគ្រឿងទៀតបានរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលបណ្តោះអាសន្នសិន។
ក្រោយកើតហេតុផ្អែកតាមសំណូមពរភាគី សមត្ថកិច្ចនគរបាលចរាចរណ៍ បានកោះអញ្ជើញឱ្យធ្វើការជួប គ្នាពិភាក្សារកដំណោះស្រាយក្នុងសំណងរដ្ឋប្បវេណីចំនួន០២លើករួចមកហើយ តែភាគីមិនអាចឈានទៅរកចំណុចរួមគ្នាបាននោះទេ ហើយនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ ការិយាល័យជំនាញនឹងបន្តឱ្យភាគីទាំងពីរជួបពិភាក្សាគ្នាជាលើកចុងក្រោយ មុននឹងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ ដំបងដើម្បីលោកចាត់ការបន្តតាមនីតិវិធីច្បាប់។
ចំពោះរថយន្តរបស់ភាគីម្ខាងគឺកំពុងរក្សាទុកបណ្តោះ អាសន្ននៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល មិនបានអនុញ្ញាត ឱ្យទៅណាឡើយ ហើយការជួបពិភក្សាគ្នាដោះស្រាយក្នុងសំណងរដ្ឋប្បវេណី គឺផ្តើមពីឆន្ទ:រៀងៗខ្លួនរបស់គូរភាគី មិនស្ថិតក្រោមការបង្គាប់បញ្ជារឬក្រោមឥទ្ធិពលណាមួយឡេីយ។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងសូមកុំមានការភាន់ច្រឡំសូមអរគុណ៕
ដោយ៖ តារា