ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ កម្មករក្រុមហ៊ុនស៊ិនទ្រី នឹងទទួលបានឱកាសការងារថ្មីនិងប្រាក់អតីតភាពការងារតាមដំណាក់កាល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាលដល់បុគ្គលិកម្មករ ក្រុមហ៊ុនស៊ិនទ្រី ហើយពួកគេនៅតែទទួលបានឱកាសការងារថ្មីដដែល នៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាមនាពេលខាងមុខ។
លោក ឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះក្រោយពីបញ្ចប់ ពិធីសម្ពោធអគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុកនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ សាលារាជធានីភ្នំពេញ នឹងបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួនបីតំបន់ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូលសំរាមបានលឿនរហ័ស បញ្ចៀសការកកស្ទះ ខណៈ ដែលក្រុមហ៊ុនទាំងអស់នោះនឹងយកកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ដោយមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញ មកបម្រើការងារដដែល ។ ប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាមដោយសារកម្មករក្រុមហ៊ុនស៊ិនទ្រីបានធ្វើកូដកម្មទាមទារប្រាក់អតីតភាព ដែលចំណុចនេះក្រសួង ការងារបានជម្រាបជូនថា ប្រាក់អតីតភាព ក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់ផ្តាច់តែម្ដងហើយឈប់ធ្វើការ។ការទាមទារបែបនេះ ដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថាគាត់មិនបានចូលធ្វើការងារបន្ត។
យ៉ាងណាក៏ដោយដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាមដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយ កម្លាំងសន្តិសុខ និងប្រជាការពាររាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹងខណៈរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ប្រមូលតាមបណ្ដាខណ្ឌរៀងៗខ្លួនរួចមក ៕សំរិត


ចែករំលែក៖