ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅព្រឹកថ្ងៃអង្គារ៍ ៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បាន បើកកិច្ចប្រជុំបន្ទាន់ជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការអោយលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៦ តុលានេះ លោកអភិបាលខណ្ឌដឹកនាំមន្ត្រីកម្លាំងសណ្តាប់ធ្នាប់ចុះប្រមូលកើបសំរាម ចាប់ពីគល់ស្ពានព្រះមុនីវង្សក្នុងសង្កាត់ច្បារអំពៅទី១ ផ្លូវ៣៦៩ ដល់ស្ពានព្រែកសំរោង អមដោយរថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូ៣គ្រឿង ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារប្រមូលសំរាមលោក ចេង មុនីរ៉ា ក៏បានណែនាំដល់ចៅសង្កាត់ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដេីម្បីងាយស្រួលដល់ក្រុមការងារប្រមូលសំរាម បានលឿន ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ច្បារអំពៅ បានជួបសំណេះសំណាលជាមួយកម្លាំង សណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ ព្រមទាំងណែនាំបន្ថែមលេីការចុះប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌ និងបានឧបត្ថម្ភជាអង្ករ និងថវិកាមួយចំនួន ។
សូមរំលឹកថា ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃទី៦ ខែតុលានេះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង រួមជាមួយរុឺម៉កប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់គ្រប់ខណ្ឌ ចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម ដោយក្រុមការងារប្រមូលសំរាមបណ្តោះអាសន្ននេះ បានចែកចេញជា៣វេន ៕ដោយ៖ សណ្តោស