ខេត្តមណ្ឌលគិរី៖ កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះអនុវត្តដីកាបង្គាប់ឱ្យឆែកឆេរលំនៅឋាននិងដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកធ្វើការឆែកឆេរលំនៅឋាន(ផ្ទះជួល) ក្នុងសំណុំរឿងរបស់ជនត្រូវចោទឈ្មោះដារី និងឈ្មោះ ជា ផាលីណែត នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាម៉ោង១០ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ហើយជាលទ្ធផលនៃការឆែកឆេរ (លើកទី២) បានរកឃើញសារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាមនៅក្នុងកូនធុងបាស់។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ១.សារធាតុសង្ស័យជាសារធាតុញៀនក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាម (ថ្លឹងរួច) ២.កូនធុងបាស់ ចំនួន១គ្រឿង។
បន្ទាប់ពីឆែកឆេររួចលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ជាអ្នកកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ