ពលរដ្ឋទាំងអស់រស់នៅក្នុងទីក្រុងកំពង់ផែឈីងតាវ ក្នុង ខេត្តសានដុង (Qingdao ខេត្តShandong ) ទាំងអស់ នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ក្រោយពេលរកឃើញមានករណីឆ្លងនៅក្នុងទីក្រុងនេះ។
សារព័ត៌មានAFPបានផ្សាយថា មន្ត្រីសុខាភិបាលចិន នៅថ្ងៃទី១២ខែតុលាបានឲ្យដឹងថា កាលពីថ្ងៃទី១១ខែតុលា នៅទីក្រុង ឈីងតាវ បានរកឃើញមនុស្ស ៦នាក់វិជ្ជមានកូវីដ-១៩ ។
មន្ត្រីគ្រប់គ្រងទីក្រុងនេះបានសម្រេចធ្វើតេស្តលើពលរដ្ឋទាំង ៩,៤លាននាក់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។
គណៈកម្មការសុខាភិបាលចិនបានប្រកាសឲ្យដឹងថា មានស្រុកចំនួន៥នៅក្នុងទីក្រុងនេះបានធ្វើតេស្តរួចរាល់ ក្នុងរយៈពេល៣ថ្ងៃកន្លងមក។ តាមការព្យាករណ៍ ក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត ពលរដ្ឋក្នុងទីក្រុងទាំងអស់នឹងធ្វើតេស្តរួចរាល់។
ចិនអាចនឹងធ្វើតេស្តតាមបែបរហ័ស ទូលំទូលាយ ហើយដល់ថ្ងៃត្រង់ថ្ងៃទី១២ខែតុលា គណៈកម្មការសុខាភិបាល ទីក្រុង ឈីងតាវ បានធ្វើតេស្តរួចរាល់ដល់ពលរដ្ឋ ២៧៧ពាន់នាក់ ក្នុងនោះរកឃើញមាន៩ នាក់ វិជ្ជមានកូវីដ-១៩។
កាលពីខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយក្នុងទីក្រុងប៉េកាំងបានធ្វើតេស្តដល់ពលរដ្ឋ ២០លាននាក់ ក្រោយមានករណីឆ្លងកូវីដ-១៩ ត្រូវបានរកឃើញនៅទីនោះ។ បច្ចុប្បន្នចិនបានគ្រប់គ្រងស្ថានភាពទាំងស្រុងហើយពាក់ព័ន្ធការឆ្លងកូវីដ-១៩ ។ជាមួយគ្នានេះ ចិន ក៏មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយ ហើយនៅពេលដ៏ខ្លីខាងមុខចិននឹងចាក់វ៉ាក់សាំងនេះដល់ពលរដ្ឋរស់នៅក្នុងតំបន់ងាយឆ្លងកូវីដ-១៩បំផុត ៕
ដោយ៖ធី រីណា