ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដឹកនាំកងកម្លាំងជួយប្រជាពលរដ្ឋ​ជាង​៣០០០នាក់​មកកាន់​ទីទួល​សុវត្ថិភាព​ក្នុងចន្លោះ​ពី​ម៉ោង​២ដល់ម៉ោង​៤ទៀបភ្លឺ​ថ្ងៃទី​១៥ ខែតុលានេះ

ចែករំលែក៖

ភ្នំពេញ៖ ពេញមួយយប់ទល់ភ្លឺ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមិនបានទទួលទានដំណេកទេ ខណៈដែលលោកមានភារកិច្ចចម្បងចំពោះមុខក្នុងការដឹកនាំក្រុមការងារ កម្លាំងប្រដាប់អាវុធ ចុះធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ​ជាង​៣០០០នាក់​នៅក្នុង​បុរី​ចំនួន​២​ក្នុង​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ ដឹក​មកកាន់​ទីទួល​សុវត្ថិភាព​ ក្នុងចន្លោះ​ពី​ម៉ោង​២ដល់ម៉ោង​៤ទៀបភ្លឺ​ថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ២០២០ព្រឹកនេះ​ ពិសេសក្រុម​សង្គ្រោះ​នឹង​ទៅ​តំបន់​ព្រែក​កំពិស​បន្តទៀត​។ 

ក្នុងប្រតិបត្តិការនេះ លោកអភិបាល​រាជធានី​បាន​បញ្ជាក់​ហើយ​ ក្រៅពី​សង្កាត់​មួយចំនួនរួមមាន​៖​ សង្កាត់​ទៀន​ សង្កាត់គងនយ​ សង្កាត់សាក់សំពៅ​ សង្កាត់ស្ពាន​ថ្ម​ និង​សង្កាត់រលួស​ និង​មួយចំណែក​នៃ​សង្កាត់​ព្រែក​កំពិស​ ក្នុង​ខណ្ឌ​ដង្កោ​ ប្រជាពលរដ្ឋ​នៅខណ្ឌ​ផ្សេង​សូម​​កុំឱ្យមាន​ការ​ចលាចល​ ភ័យ​ខ្លាច​អី ចូលដំណេកចុះ ចំពោះ​រឿងទឹក​ជំនន់​ពី​ទំនប់​សណ្តស្ទឹង​ព្រែក​ត្នោត​នេះ។

លោកថ្លែងថា កម្លាំងរបស់ស្នងការដ្ឋាន រាជធានី , កងរាជអាវុធហត្ថរាជធានី, កម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស, អាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងគ្រប់គោលដៅ ជួយប្រជាពលរដ្ឋទាន់ពេល វេលា ក្នុងនោះខាងកម្លាំងកងទ័ពជើងទឹកក៏បានផ្តល់អូប័រចំនួន២៤គ្រឿងទាំងយប់។ ជាពិសេសនោះលោកអភិបាលរាជធានីថែមទាំងឱ្យលេខទូរស័ព្ទរបស់លោកផ្ទាល់ និងក្រុមការងារដល់ប្រជាពលរដ្ឋរងគ្រោះខលមក ដើម្បីឱ្យកម្លាំងចុះទៅដល់ទីតាំងទាំងនោះ៕ 

ដោយ៖ សិលា


ចែករំលែក៖