អន្តរជាតិ៖ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានបណ្ដាលឲ្យផ្លូវថ្នល់ប្រៀបដូចទឹកទន្លេ យានយន្តលិចកប់បាត់ទាំងស្រុងហើយអគារត្រូវជន់លិចស្ទើរទាំងស្រុងផងនោះ ។ រហូតដល់ថ្ងៃទី១៤ខែតុលាម្សិលមិញនេះ បានធ្វើឲ្យមនុស្សយ៉ាងតិច៣០នាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះ ។
ជាក់ស្តែងមនុស្ស១៥នាក់ ត្រូវបានរាយការណ៍ថា៖ ស្លាប់ក្នុងទីក្រុង Hyderabad នៃរដ្ឋ Telangana ក្នុងចំណោមនោះ ក៏មានទារកអាយុ២ខែម្នាក់ផងដែរ ខណៈ៩នាក់ផ្សេងទៀត បានបាត់បង់ជីវិត នោិក្រោយជញ្ជាំងធំខ្ពស់មួយបានបាក់រលំ ហើយដួលលើផ្ទះប្រជាជនចំនួន១០ទីតាំងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។
ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះដែរ ត្រូវបានរាយការណ៍ថា មនុស្សយ៉ាងតិច៥នាក់បាត់ខ្លួន ហើយប៉ូលីសកំពុងតាមរកពួកគេ។ ចំណែកប្រព័ន្ធចរន្តអគ្គិសនីវិញ ក៏ត្រូវបានអាជ្ញាធរកាត់ផ្ដាច់ផងដែរ ខណៈភ្លៀងបានប៉ះពាល់ដល់បង្គោលភ្លើង និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតាក៏រងការជន់លិចយ៉ាងដំណំផងដែរ។
ដោយឡែក លោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី កាលពីថ្ងៃទី ១៤ ខែតុលាម្សិលមិញនេះ ផ្ដល់ការធានាទៅកាន់ថ្នាក់ដឹកនាំរដ្ឋនានាដែលរងគ្រោះថាពួកគេនឹងទទួលបានគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាលកណ្តាល។ ខណៈដែលរដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah និយាយថាលោកកំពុងតាមដានស្ថានការណ៍ជំនន់ទឹកភ្លៀងក្នុងរដ្ឋ Telangana ហើយរដ្ឋាភិបាល តាំងចិត្តផ្ដល់ជំនួយតាមអាចធ្វើទៅបានជូនដល់ប្រជាជនក្នុងគ្រាលំបាកនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ឥណ្ឌា NDTV ។
បច្ចុប្បន្នកងកម្លាំងសង្គ្រោះឥណ្ឌា ក៏បានចេញប្រតិបត្តិការរុករកនិងជម្លៀសប្រជាជនជាង១០០០នាក់ពីតំបន់រងគ្រោះដោយសារទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈរដ្ឋាភិបាលរដ្ឋ Telangana បានប្រកាសថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៤និងថ្ងៃទី១៥ ហើយទទូចឲ្យពលរដ្ឋសម្ងំនៅក្នុងផ្ទះ ប្រសិនបើគ្មានអ្វីចាំបាច់។
គួរបញ្ចាក់ផងដែរថា បើតាមយោងតាមក្រសួងមហាផ្ទៃឥណ្ឌា បានអះអាងថាមនុស្សជាង១០៣០នាក់ បានស្លាប់ក្នុងហេតុការណ៍ពាក់ព័ន្ធគ្រោះជំនន់ទឹកភ្លៀង ចន្លោះពីខែមិថុនា និងពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ ចំណែកមនុស្សជាង៩,៦លាននាក់នៅពាសពេញតំបន់អាស៊ីខាងត្បូង រងផលប៉ះពាល់ដោយសារទឺកជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំនេះ ខណៈមនុស្សរាប់ម៉ឺននាក់ពិបាកក្នុងការទទួលបានថ្នាំសង្កូវនិងស្បៀងអាហារ៕ដោយ៖ស តារា