ភ្នំពេញ៖ បើយោងតាមរបាយការណ៍វិភាគទិដ្ឋភាពគោលនយោបាយស្ដីពីជំងឺមិនឆ្លងនៅកម្ពុជា បានបញ្ជាក់ថា ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណៈខ្ពស់ជាងគេគឺ ជំងឺសរសៃឈាមបេះដូង , ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ,មហារីក និងជំងឺទឹកនោមផ្អែម បានសម្លាប់ជីវិតប្រជាពលរដ្ឋរហូតដល់៦៤ភាគរយ ក្នុងនោះ មានស្ត្រី៥៣ភាគរយ និងបុរស៤៧ភាគរយ។
ជាក់ស្តែងកត្តាហានិភ័យ នាំឱ្យកើតជំងឺមិនឆ្លងនេះ គឺមកពី ការទទួលទានអាហារមិនល្អដល់សុខភាព ការពិសាបារី ការផឹកស្រាហួសកម្រិត ការលើសទម្ងន់ ជាពិសេសជាតិស្ករក្នុងឈាមខ្ពស់ និងសម្ពាធឈាមខ្ពស់ជាដើម។ ខណៈនៅឆ្នាំ២០១៨ អង្គការសុខភាពពិភពលោក បានរកឃើញថា ជំងឺមិនឆ្លងជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពនៅកម្ពុជា។
បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីរបាយការណ៍វិភាគ ទិដ្ឋភាពគោលនយោបាយស្ដីពីជំងឺមិនឆ្លង នៅសណ្ឋាគារ កាំបូឌីយ៉ាណា នៅថ្ងៃទី២៨ តុលាថ្មីៗនេះថា ជំងឺមិនឆ្លង ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជា។ ជាក់ស្ដែងក្នុងបរិបទនៃជំងឺកូវីដ-១៩ អត្រានៃជំងឺមិនឆ្លងមានការកើនឡើង ដោយសារ ពលរដ្ឋមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពពីជំងឺនេះ ដូចជាការ បរិភោគអាហារមិនត្រឹមត្រូវ ដែលនាំឱ្យលើសទម្ងន់ពេកជាដើម។
លោកស្រី ឱ វណ្ណឌីន គូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ គ្រួសារខ្លះភ័យមែនទែន គាត់ទិញអីវ៉ាន់ទុកដល់៣ខែ សួរថាស្ដុកទុកអីខ្លះ? សាច់ជ្រូកប្រឡាក់ សាច់គោប្រឡាក់ ត្រីប្រឡាក់មានតិចព្រោះទុកមិនបានយូរ ។ ដ៏ពេលញាំសាច់គោ និងសាច់ជ្រូកប្រឡាក់ច្រើន វាធ្វើឱ្យធាត់ ខ្លះយកទៅចៀនទៀត អីចឹង ប្រៃ ផ្អែម ខ្លាញ់ គឺនៅហ្នឹងតែម្ដង ដែលវាជាកត្តារុញឱ្យមានបញ្ហាជំងឺមិនឆ្លងនេះច្រើន»។
ដោយឡែកនាយកប្រតិបត្តិអង្គការ HACC លោក ទឹម វរ៉ា ក៏បានអះអាងថា ការកើនឡើងនៃអ្នកស្លាប់ដោយជំងឺមិនឆ្លង ជាបញ្ហាដ៏ធំមួយ ដែលត្រូវទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបាន ប្រាប់ថា ក្រុមអង្គការសង្គមស៊ីវិល នឹងស្នើទៅស្ថាប័នរដ្ឋពាក់ព័ន្ធយកចិត្តទុកដាក់ ពិនិត្យសុខភាពលើពលរដ្ឋដែលមានជំងឺមិនឆ្លង ជាពិសេសអ្នកដែលមានប័ណ្ណ ប.ស.ស ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់។
នាយកប្រតិបត្តិអង្គការ HACC បានបញ្ជាក់យ៉ាងដូច្នេះថា៖« ទាក់ទងនឹងរឿងប.ស.ស ក៏អាចចូលរួមនៅក្នុងការកាត់បន្ថយជំងឺមិនឆ្លងហ្នឹងដែរ ព្រោះឥឡូវយើងបង់ ប.ស.ស តែពេលយើងឈឺទេ។ ពេលយើងឈឺ យើងទៅពេទ្យ ប៉ុន្តែចង់ឱ្យរដ្ឋពង្រីកកញ្ចប់ថវិកាហ្នឹង ដូចជា តម្រូវឱ្យ អ្នកបង់ ប.ស.ស យ៉ាងហោចណាស់មួយឆ្នាំ ត្រូវទៅធ្វើតេស្ដសុខភាពម្ដង។ ប្រសិនជា គាត់ទៅធ្វើតេស្ត សុខភាព នៅពេលមិនមានបញ្ហាគាត់ត្រូវបង្ការ ឬនៅពេលមានបញ្ហានៅដំណាក់កាលដំបូង គឺអាចព្យាបាលឆាប់ជា និងអស់លុយតិច»។
គួរបញ្ជាក់ថា ជំងឺមិនឆ្លង មិនត្រឹមតែជាបញ្ហាសុខភាពតែមួយប៉ុណ្ណោះទេ តែវាជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ របាយការណ៍របស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ការចំណាយលើការថែទាំសុខភាពរបស់រដ្ឋាភិបាលកម្ពុជា ទៅលើជំងឺមិនឆ្លង មានចំនួនប្រមាណ ៣៤៣លានរៀល ឬស្មើ ៨៥លានដុល្លារ។
ដោយឡែកការចំណាយនេះ គ្រាន់តែជាចំនួនដ៏តូចមួយ បើធៀបទៅនឹងការបាត់បង់ដែលមើលមិនឃើញ ដោយមានប្រមាណ ១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ស្មើនឹង៦,៦ភាគរយ នៃផលទុនក្នុងស្រុកសរុបនៅកម្ពុជា ដោយសារការថយចុះសមត្ថភាពនៅកន្លែងធ្វើការ និងស្លាប់មុនអាយុ ក្នុងចំណោមប្រជាជនស្ថិតក្នុងវ័យបំពេញការងា៕ដោយ៖ស តារា