ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ Vamco សម្លាប់មនុស្ស​៥៣នាក់​នៅហ្វុីលីពីន មុនពេលចូលដល់ដីគោកប្រទេសវៀត​ណាម

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលហ្វុីលីពីននៅថ្ងៃទី​១៤ខែវិច្ឆិកា​បានប្រកាសថា ព្យុះ​Vamco បានសម្លាប់មនុស្ស​ដល់ទៅ​៥៣នាក់នៅក្នុងប្រទេសនេះ ហើយនិងមានអ្នកបាត់ខ្លួន​២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់​៥២នាក់ផងដែរ​។
លោក​ Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាមប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា «នេះជាលើកទីមួយដែលយើងទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត​។ កម្លាំងជួយសង្គ្រោះបានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួន​ហើយ ។ ខេត្ត Cagayan​ បានប្រែក្លាយទៅជា​សមុទ្រភក់»។
ខេត្ត​Cagayan មានពលរដ្ឋរស់នៅប្រមាណ​១លាន២សែននាក់​​ បានទទួលរងការវាយប្រហារដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតក្នុងពេលដែលទំនប់ទឹក Magat បានបង្ហូរទឹកចេញនៅថ្ងៃទី​១៣ខែវិច្ឆិកា។ ពលរដ្ឋក្នុងតំបន់បានអំពាវនាវ​ឲ្យមានជំនួយពីរដ្ឋាភិបាល ។ នៅថ្ងៃទី ១៤ខែវិច្ឆិកានេះ នៅមាន​មនុស្ស​១៤ពាន់នាក់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
ព្យុះ Vamco គឺជាព្យុះទី​២១ហើយ​ដែលវាយប្រហារចូល​ទៅកាន់ ដីគោកប្រទេសហ្វុីលីពីនក្នុងឆ្នាំ​២០២០​​នេះ។ នៅទីក្រុងម៉ានីល​ក៏មានពលរដ្ឋ​រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
ព្យុះ​Vamco ជាព្យុះទី​២១នៅហ្វុីលីពីន ពេលចូលដល់វៀតណាមគឺជាព្យុះទី១៣​ដោយមានកម្លាំងខ្លាំងជាងការព្យាករ ដោយមានល្បឿនខ្យល់ជាង​១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង​៕

ដោយ៖ធី រីណា


ចែករំលែក៖