សារព័ត៌មានអាមេរិកជាច្រើនបានផ្សព្វផ្សាយថា សត្រូវដ៏ធំបំផុតរបស់លោកត្រាំ មិនមានអ្នកណាផ្សេង ឡើយ គឺជាចិត្តឆេវឆាវរបស់លោក។ ទាំងនោះបានផ្តល់មេរៀនយ៉ាងសំខាន់ដល់មនុស្សជាច្រើន។ នៅពេលមិនអាចរក្សាការអត់ធ្មត់បាន គឺជាការបង្ខំឲ្យយើងធ្វើសកម្មភាពទាំងខ្វះការពិចារណា។
ចាប់តាំងពីការបោះឆ្នោតរហូតមកទល់ពេលនេះ លទ្ធផល មិនបានដូចការរំពឹងទុក ធ្វើឱ្យលោកត្រាំប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ទម្លាក់កំហុស ព្រមទាំងគំរាមកំហែងទៀតផង។ អត្ថបទរបស់លោកត្រាំដែលបង្ហោះលើបណ្តាញសង្គមក៏ត្រូវបានដកចេញជាបន្តបន្ទាប់ដែរ។
នៅពេលដែលលោកត្រាំកាន់តែខឹង រឿងរ៉ាវរឹតតែប្រែប្រួលបែបអវិជ្ជមានចំពោះរូបលោក ហើយនៅពេលដែលលោកត្រាំកាន់តែថ្កោលទោសគេ លោកកាន់តែខុសច្រើនឡើង។
នៅក្នុងការស្ទង់មតិរបស់NBC News/Wall Street Journal ដែលបានសួរថា តើបេក្ខភាពរូបណា ដែលមានអត្តចរិតសមជាប្រធានាធិបតីអាមេរិកជាង? ពលរដ្ឋអាមេរិកបានគាំទ្រលោកបៃឌិន ដល់ទៅ៥៨% ចំណែកលោកត្រាំវិញមានតែ២៦%ប៉ុណ្ណោះ គឺតិចជាងពាក់កណ្តាល។
សារព័ត៌មានធំៗនៅអាមេរិកបានផ្សាយថា ក្នុងពេលដែលលោកត្រាំ ធ្វើសកម្មភាពដោយមិនមានការអត់ធ្មត់ ចិត្តឆេវឆាវ ជំទាស់ជាមួយប្រព័ន្ធបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ … ការណ៍ពិតសត្រូវដែលធ្វើឲ្យលោកត្រាំបរាជ័យគឺជា ខ្លួនលោកផ្ទាល់ ។ កត្តាទាំងនោះហើយបានជាមនុស្សជាច្រើនបានយកលោកត្រាំធ្វើជាមេរៀន ដើម្បីរក្សាការអត់ធ្មត់ទើបទទួលបាន ជោគជ័យខ្ពស់ក្នុងសង្គមជាតិ៕ដោយ៖ធី រីណា