ព័ត៌មានទាន់ហេតុការណ៍៖

កំពុងជិះម៉ូតូគេលួចគប់នឹងដុំថ្មប្រឹងគេចបុកលូដួលស្លាប់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖  តាមរបាយការណ៍ របស់លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា មានករណីបុរសម្នាក់បើកបរម៉ូតូស្រវឹងស្រឿងៗ មកដល់ខាងលិចស្ពានអូរតា ប្រាំង ស្រាប់តែជនមិនស្គាល់មុខបានស្ទាក់ពីមុខ រួចគប់នឹងដុំថ្ម ទៅលើជនរងគ្រោះកំពុងបើកបរម៉ូតូគេចពីដុំថ្ម ធ្វើឲ្យជនរងគ្រោះអោនគេចពីដុំថ្ម រេចង្កូតជ្រុលទៅបុកលូនៅលើចិញ្ចើមផ្លូវ ដួលបោកក្បាលស្លាប់ភ្លាម់ៗនៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូជនរងគ្រោះខូចផ្នែកខាងមុខទាំងស្រុង។

លោកបានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២២ និង៤០នាទីថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចជិតគល់ស្ពានអូរប្រាង ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះ ឈ្មោះ ហេង ប៊ុនថៃ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកធ្វើការសំណង់នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
មូលហេតុដោយសារជនរងគ្រោះបើកបរចេញផ្ទះមិត្តភក្កិ ស្ថិតក្នុងស្ថានភាពស្រវឹង ស្រឿងៗហើយពេលបើកម៉ូតូមកដល់កន្លែងកើតហេតុស្រាប់តែ មានជនមិនស្គាល់មុខគប់នឹងដុំថ្ម រួចជនរងគ្រោះខំគេច បណ្ដាលឲ្យរេចង្កូតទៅបុកលូប្រអប់លើចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់តែម្ដង។
ករណីនេះសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនកំពុងតែស្រាវជ្រាវរកជនសង្ស័យដែលបង្កយកមកផ្តន្ទាទោសចំពោះមុខច្បាប់។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើរដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖