នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀងឡុង បានប្រកាសថា ពលរដ្ឋ៥,៧លាននាក់នឹងទទួលបានវ៉ាក់សាំងគ្រប់គ្នា ដោយអត់គិតថ្លៃ ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ខែធ្នូ បានផ្សាយថា នាយករដ្ឋមន្ត្រី លីសៀងឡុង បានអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនPfizer-BioNTech។ តាមគម្រោង នៅចុងខែធ្នូនេះ នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ។
ការចាក់វ៉ាក់សាំង គឺមិនបង្ខិតបង្ខំឡើយ ជាការស្ម័គ្រចិត្តរបស់ពលរដ្ឋ ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រី លី សៀងឡុង និងមន្ត្រីក្នុងរដ្ឋាភិបាលជាអ្នកចាក់វ៉ាក់សាំងមុនគេរួមជាមួយបុគ្គលិកសុខាភិបាលនៅជួរមុខប្រឆាំងកូវីដ-១៩ ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ លោក លីបានបញ្ជាក់ថា«ខ្ញុំនិងមន្ត្រីរដ្ឋាភិបាល រួមទាំងមនុស្សចាស់ បុគ្គលិកពេទ្យ ជាអ្នកចាក់វ៉ាក់សាំងមុនគេ។ យើងជឿជាក់ទៅលើវ៉ាក់សាំង Pfizer-BioNTech ពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាព។
ប្រទេសសិង្ហបុរីបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សំាងកូវីដ-១៩ ពីក្រុមហ៊ុនPfizer-BioNTech ក្នុងទឹកប្រាក់ដល់ទៅជាង១ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានវ៉ាក់សាំងលឿនបំផុត៕
ដោយ៖ធី រីណា