អន្តរជាតិ៖ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអះអាងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ជប៉ុន នឹងអភិវឌ្ឍមីស៊ីលប្រឆាំងនាវាដែលមានសមត្ថភាពក្នុងការកម្ទេចគោលដៅក្នុងរយៈចម្ងាយឆ្ងាយ។ មិនតែប៉ុណ្ណោះមីស៊ីលនេះ មានសមត្ថភាពគ្របដណ្តប់ដល់សមុទ្រចិនភាគខាងកើត និងភាគនិរតីនៃកោះអូគីណាវ៉ាផងដែរ។
រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ បានអះអាងបន្ថែមថា ដ្បិតមិនអាចធ្វើសង្គ្រាមបានព្រោះរដ្ឋធម្មនុញ្ញសន្តិភាពនិយម ជប៉ុន កំពុងពង្រឹងសមត្ថភាពការពារខ្លួនកាន់តែខ្លាំង។ ហើយជប៉ុននឹងអភិវឌ្ឍមីស៊ីលកម្ទេចនាវាពីចម្ងាយ។ ចំពោះការអភិវឌ្ឍមីស៊ីល នឹងពង្រឹងគោលនយោបាយការពារជាតិជប៉ុន ដែលមានបំណងហាមឃាត់មិនឲ្យនាវាបរទេសបើកចូលដោយសេរីក្នុងដែនទឹក និងប្រជុំកោះរបស់ខ្លួន។
លោក Kishi នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ធ្នូ នេះដែរដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters លោកបានសង្កត់ធ្ងន់ថា៖«ស្ថានការណ៍សន្តិសុខនៅភាគនិរតីនៃដែនកោះជប៉ុនមានសភាពតឹងតែងជាងមុន។ យើងត្រូវឆ្លើយតបដោយវិធីសាស្ត្រសមស្រប»។
បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីលរយៈចម្ងាយឆ្ងាយភ្ជាប់ទៅនឹងឡានហើយនឹងត្រូវបញ្ជូនទៅកោះអូគីណាវ៉ា។ កោះអូគីណាវ៉ា ជាបណ្តុំកោះដែលលាតសន្ធឹងជិតដល់ហ្វីលីពីន និងជារបាំងទប់ទៅនឹងការពង្រីកសកម្មភាពយោធារបស់ចិន។ យ៉ាងណាក្តី ក្រសួងការពារជាតិជប៉ុនមិនបានបង្ហាញពីរយៈចម្ងាយប៉ុន្មានគីឡូម៉ែត្រដែលមីស៊ីលនេះមានសមត្ថភាព ឬពេលវេលានៃការដាក់មីស៊ីលនេះ។
ដោយឡែកលោក Zack Cooper អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន American Enterprise ជុំវិញករណីមីស៉ីលនេះដែរ លោកបាននិយាយថាការការពារភាគនិរតីនៃដែនកោះជប៉ុន ចាំបាច់ត្រូវការប្រព័ន្ធដែលមានរយៈចម្ងាយឆ្ងាយដោយសារដែនកោះនោះគ្របដណ្តប់ផ្ទៃក្រឡាយ៉ាងធំ។
សូមជម្រាបថា ជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបារម្ភពីសកម្មភាពរបស់ចិន ដែលបើកនាវាចូលដែនទឹកជម្លោះនៅក្នុងសមុទ្រចិនភាគខាងកើត។ ចិន និងជប៉ុនមានជម្លោះដណ្តើមកម្មសិទ្ធិប្រជុំកោះតទាវយូ(Diaoyu) ជាភាសាចិន និង ស៊ិនកាគូ (Senkaku)ជាភាសាជប៉ុន ក្នុងសមុទ្រចិនភាគខាងត្បូងនេះ។
ទាក់ទិននឹងរឿងនេះ សារព័ត៌មានក្នុងស្រុកកាលពីខែថ្ងៃទី៧ ធ្នូ កន្លងទៅថ្មីៗនេះ ក៏បានចុះផ្សាយថា៖ ទីក្រុងតូក្យូ មានគម្រោងនឹងបំពាក់ប្រព័ន្ធរ៉ាដាAegis ជំនាន់ថ្មីលើនាវាចម្បាំងថ្មីចំនួន២ ដែលមានសមត្ថភាពលើសប្រព័ន្ធរ៉ាដាចាស់៣ដង។ ការបំពាក់រ៉ាដាជំនាន់ថ្មី នឹងបង្កើនការការពារពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែរ ប៉ុន្តែត្រូវចំណាយប្រាក់ច្រើនជាងរ៉ាដាលើដីទ្វេដងនិងចំណាយពេល៣ឆ្នាំបន្ថែមទៀត។ ប៉ុន្តែគម្រោងនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលជប៉ុន បានលុបចោលផែនការដាក់ពង្រាយប្រព័ន្ធរ៉ាដាប្រភេទនេះនៅមូលដ្ឋានយោធាចំនួន២ទីតាំង។
គួរបញ្ជាក់ថា ក្រោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ ឡើងកាន់តែតំណែងជានាយករដ្ឋមន្ត្រីជប៉ុន បានទិញមីស៊ីលបាញ់ពីអាកាសដែលមានសមត្ថភាពក្នុងការកម្ទេចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ជាមួយគ្នានេះ ជប៉ុនក៏កំពុងពិចារណាក្នុងការទិញមីស៊ីលប្រដេញដែលមានសមត្ថភាពវាយប្រហារដល់ប្រទេសចិនផងដែរ៕
ដោយ៖ស តារា