ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅការចាក់វ៉ាក់សាំង?

ចែករំលែក៖

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងគឺជាវិធីសាមញ្ញមានសុវត្ថិភាពនិងមានប្រសិទ្ធភាពក្នុងការការពារជំងឺដែលគ្រោះថ្នាក់ ។ វ៉ាក់សាំងត្រូវបានគេប្រើដើម្បីជាខែលការពាររាងកាយទប់ទល់នឹងជំងឺឆ្លង និងធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ វ៉ាក់សាំងជាមេរោគដែលត្រូវបានគេសម្លាប់ឬជាមេរោគដែលត្រូវបានគេធ្វើឲ្យខ្សោយរួចទៅហើយ វាមិនបង្កឱ្យមានជំងឺឬធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃផលវិបាករបស់វាឡើយ។ វ៉ាក់សាំងភាគច្រើនត្រូវបានគេប្រើដោយការចាក់ ប៉ុន្តែវ៉ាក់សាំងខ្លះត្រូវបានគេប្រើដោយបញ្ចូលតាមមាត់ ឬបាញ់ទៅក្នុងច្រមុះ ។

ហេតុអ្វីខ្ញុំត្រូវចាក់វ៉ាក់សាំង?
បើគ្មានវ៉ាក់សាំងទេយើងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរនិងពិការភាពពីជំងឺនានា ដូចជា កញ្ជ្រឹល ជំងឺរលាកស្រោមខួរ ជំងឺរលាកសួត ជំងឺតេតាណូស និងជំងឺគ្រុនស្វិតដៃជើង។ ជំងឺទាំងនេះភាគច្រើនអាចគំរាមកំហែងដល់អាយុជីវិត ។ អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថាវ៉ាក់សាំងជួយសង្គ្រោះជីវិតមនុស្សពី ២ ទៅ ៣ លាននាក់ជារៀងរាល់ឆ្នាំ ។ ទោះបីជាជំងឺមួយចំនួនអាចក្លាយជាមិនធម្មតា ក៏មេរោគនោះអាចបណ្តាលឱ្យរាលដាលបន្តទៅផ្នែកខ្លះឬពិភពលោកទាំងមូល ។ ជំងឺឆ្លងអាចឆ្លងព្រំដែនយ៉ាងងាយស្រួលហើយឆ្លងទៅអ្នកណាម្នាក់ដែលមិនបានការពារ ។ ហេតុផលសំខាន់ពីរក្នុងការចាក់វ៉ាក់សាំងគឺការពារខ្លួនយើងនិងការពារអ្នកដែលនៅជុំវិញយើង ព្រោះមិនមែនមនុស្សគ្រប់គ្នាអាចចាក់វ៉ាក់សាំងបានទេ ក្នុងនោះរាប់បញ្ចូលទាំងទារកតូចៗ អ្នកដែលឈឺធ្ងន់ធ្ងរឬមានអាឡែរហ្សីមួយចំនួន ។ ពួកគេពឹងផ្អែកលើអ្នកដទៃដែលត្រូវបានចាក់វ៉ាក់សាំងដើម្បីធានាថាពួកគេមានសុវត្ថិភាពពីជំងឺដែលអាចការពារបាន ។

តើវ៉ាក់សាំងមានសុវត្ថិភាពដែរឬទេ?
ដូចថ្នាំពេទ្យដទៃទៀតដែរ ផលប៉ះពាល់អាចកើតឡើងបន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ប៉ុន្តែជាករណីតូចតាចនិងមានរយៈពេលខ្លី ដូចជា ឈឺដៃ ឬគ្រុនក្តៅ តែប៉ុណ្ណោះ ។ ផលប៉ះពាល់ដែលធ្ងន់ធ្ងរជាងនេះ អាចមានដែរ ប៉ុន្តែវាកម្រមានណាស់។ មនុស្សម្នាក់ងាយនឹងទទួលរងនូវជំងឺធ្ងន់ធ្ងរច្រើនជាងចាក់វ៉ាក់សាំង ទៅទៀត ។ ជំងឺដែលអាចការពារបានដោយវ៉ាក់សាំងមានដូចជា កញ្ជ្រឹល រលាកស្រោមខួរ ឬខួរឆ្អឹងខ្នង ដែលអាចបណ្តាលឱ្យស្លាប់ ឬបង្កឱ្យមានពិការភាពធ្ងន់ធ្ងរ។ ផលវិបាកដែលអាចកើតមានពីជំងឺទាំងនេះរួមមាន៖
⁃ ពិការភ្នែក
⁃ ថ្លង់
⁃ ខ្វិន
⁃ ខូចប្រព័ន្ធខួរក្បាល
⁃ គ្មានកូន
⁃ មហារីក
⁃ ពិការភាព​ពី​កំណើត
⁃ មរណភាព

តើយើងដឹងយ៉ាងដូចម្តេចថាវ៉ាក់សាំងមានសុវត្ថិភាព? វ៉ាក់សាំងត្រូវបានប្រើប្រាស់អស់ជាច្រើនទសវត្សមកហើយ ហើយមានមនុស្សរាប់លាននាក់បានទទួលវាដោយសុវត្ថិភាពជារៀងរាល់ឆ្នាំ ។ មានវ៉ាក់សាំងថ្មីៗជាច្រើនដែលកំពុងត្រូវបានអភិវឌ្ឍ ។ ប្រសិនបើមានការយល់ព្រមពីអង្គការសុខភាពពិភពលោក វ៉ាក់សាំងទាំងនេះនឹងជួយការពារជំងឺដែលអាចគំរាមកំហែងដល់អាយុជីវិតបានកាន់តែច្រើន ដូចជាវីរុសកូវីដ១៩ ជំងឺហ្សីកា ឬនីប៉ា ឬក៏ជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងដែលមានស្រាប់ ។ ដូចថ្នាំពេទ្យអញ្ចឹងដែរ វ៉ាក់សាំងទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការធ្វើតេស្តឲ្យបានពេញលេញ និងម៉ត់ចត់មុនពេលវាអាចត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងប្រទេសមួយ ។ នៅពេលប្រើប្រាស់ វ៉ាក់សាំងត្រូវបានត្រួតពិនិត្យបន្តដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ៕

ប្រភព៖ លោក (ពុយ គា) ដងស្រង់ពី អង្គការសុខភាពពិភពលោក


ចែករំលែក៖