ព័ត៌មានទាន់ហេតុការណ៍៖

មេក្រុម​ហ៊ុន Samsung​ ក្រោយពាក់ព័ន្ធពីបទ​ផ្តល់​សំណូកឲ្យ​អតីត​ប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំកន្លះ​

ចែករំលែក៖

 អន្តរជាតិ៖​ លោក Lee Jae-yong អនុប្រធាន និង​ជា​អ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung នៅ​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ២០២១  ត្រូវបាន​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ​។បន្ទាប់ពីអ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទ​ក្នុង​សំណុំរឿង​ផ្តល់​សំណូក និង​កិបកេង​ប្រាក់ ដែល​ទាក់ទង​ទៅនឹង​រឿងអាស្រូវ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូងប៉ាក ហ្គឺ​ន​ហេ​។​ ចំណែក​ អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ​ ត្រូវតុលាការ​កំពូល​កូរ៉េខាងត្បូងកាត់ទោសឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​។ជាក់ស្តែងសេចក្តីសម្រេច​រប​ស់​តុលាការ​ជាន់ខ្ពស់​ក្រុង​ស៊េ​អូ​ល​ក្នុង​សវនាការ​ថ្ងៃទី​១៨ ខែមករា​ បានបញ្ជាក់ថា៖«​លោក Lee Jae-yong ផ្តល់​សំណូកនិង​សុំឱ្យ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ប្រើប្រាស់​អំណាច​ក្នុង​ការជួយ​ព​ន្លឿ​ន​ការ​ស្នង​តំណែង​ក្នុង​ក្រុមហ៊ុន​»​។

តុលាការ​បន្តថា វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​ដែល​ក្រុមហ៊ុន Samsung ជា​ក្រុមហ៊ុន​កំពូល​ក្នុងប្រទេស និង​ជា​អ្នក​ឈានមុខ​ផ្នែក​នវានុវត្តន៍ តែងតែ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នៅពេលដែល​មានការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​នយោបាយ​។​​សូមជម្រាបថា​ លោក Lee ត្រូវបាន​សាធារណជន​កូរ៉េខាងត្បូង​ស្គាល់​ថា ជា​អ្នកដឹកនាំ​ក្រុមហ៊ុន Samsung ជំនួស​ឪពុក Lee Kun-hee ដែល​ឈឺ​ចាប់ពី​ឆ្នាំ​២០១៤ និង​ស្លាប់​នៅ​ខែតុលា​ឆ្នាំ​២០២០​។ ចំពោះការកាត់ក្ដី​ឱ្យ​លោក Lee នឹង​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការ​ស្នង​តំណែង​គ្រប់គ្រង​នៅ​ក្រុមហ៊ុនSamsung ផងដែរ។ បន្ថែម​ពីនេះ លោក Lee ក៏​មិនអាច​ចូលរួម​ក្នុងការ​សម្រេចចិត្ត​សំខាន់ៗ​ផងដែរ​។​​ចំណុច​ស្នូល​នៃ​បទល្មើស​ពុករលួយ​ផ្តល់​សំណូក​នេះ គឺ​លោក Lee បានផ្តល់​ប្រាក់​ទៅ​លោកស្រី Choi Soon-sil ដែលជា​មនុស្ស​ជំនិត​របស់​លោកស្រី​អតីត​ប្រធានាធិបតី ផាក ។ លោកស្រី ផាក ត្រូវបាន​ទម្លាក់​ពី​តំណែង និង​ចោទប្រកាន់​ពី​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​ធំៗ​ដូចជា Samsung និង Lotte​។ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ លោក​Lee ត្រូវបាន​តុលាការ​ចោទ​ពីបទ​ការផ្តល់ប្រាក់​ចំនួន​២៧,៤ លាន​ដុល្លារ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្នុង​ការផ្ទេរ​ការគ្រប់គ្រង​ពី​ឪពុក​ទៅ​កូន​។​ក្នុង​ឆ្នាំ​២០១៧ លោក Lee ត្រូវបាន​តុលាការ​សេ​អ៊ូ​ល​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ប៉ុន្តែ​តុលាការ​ឧទ្ធរណ៍​កូរ៉េខាងត្បូង​សម្រេច​ឱ្យ​ជាប់ទោស​ត្រឹមតែ​២​ឆ្នាំកន្លះ និង​អនុញ្ញាតឱ្យ​ព្យួរទោស ក្រោយ​លោក​អនុវត្ត​ទោស​បាន​១​ឆ្នាំ​។នៅ​ឆ្នាំ​២០១៩ តុលាការ​កំពូល​បញ្ជា​ឱ្យ​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​កាត់ទោស​ជាថ្មី ក្រោយ​រកឃើញ​ទំហំ​នៃ​ប្រាក់​សំណូក​កើនឡើង​។​ក្រោយ​ការសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​នេះ លោក Lee អាច​ប្តឹងទៅ​តុលាការ​កំពូល​បាន ក្នុង​រយៈពេល​៧​ថ្ងៃ ប៉ុន្តែ​ការទទួលយក ឬ​ច្រានចោល​សំណុំរឿង​ទៅ​កាត់ក្តី​បន្ត​ពុំទាន់​ច្បាស់​នៅឡើយ​ទេ ដ្បិត​តុលាការ​កំពូល​ធ្លាប់​កាត់ក្តី​សំណុំ​រឿងនេះ​ម្តង​ហើយ​។​​គួរបញ្ជាក់ថា​ ការកាត់ទោស​លោក Lee បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អ្នកនយោបាយ និង​អ្នកជំនួញ​កូរ៉េខាងត្បូង​ដែល​ចាក់​ស្រែះ​។

សកម្មជន​ប្រឆាំង​អំពើពុករលួយ គាំទ្រ​ការកាត់ក្តី​នេះ ដោយ​អះអាងថា តុលាការ​ត្រូវតែ​ដើរតួនាទី​បន្ថែមទៀត​ក្នុងការ​បញ្ចប់​អំពើពុករលួយ​រវាង​អ្នកនយោបាយ និង​អ្នកជំនួញ ដែលជា​រឿយៗ​ឈានដល់​ការរំលោភ​អំណាច​ដោយ​ក្រុមហ៊ុន និង​អភិបាលកិច្ច​មិនបាន​ត្រឹមត្រូវ​។​​ដោយឡែក​សម្រាប់​អ្នកគាំទ្រ​ក្រុមហ៊ុន Samsung ក៏បានលើកឡើងថា ការកាត់ក្តី​នេះ​ជា​រឿង​អយុត្តិធម៌ ដោយ​អះអាងថា ក្រុមហ៊ុន​នេះ​បាន​ជួយ​កូរ៉េខាងត្បូង​ឱ្យ​ឆ្លង​ផុត​ការលំបាក​អំឡុងពេល​ប្រទេស​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ជាមួយ​ការវិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​សេដ្ឋកិច្ច​ប្រទេស​។មិនតែប៉ុណ្ណោះ Samsung ជា​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​គ្រប់គ្រង​បែប​គ្រួសារ​ធំ​បំផុត និង​ជា​ក្រុមហ៊ុន​ធំ​បំផុត​លំដាប់​ទី​១២ ជាមួយ​មាន​ទំហំ​២០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​កូរ៉េខាងត្បូង​៕ដោយ៖សហការី

លោក Lee Jae-yong អនុប្រធានក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ។ រូបថត AFP

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺហេ


ចែករំលែក៖