ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់មុនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យ ចំណែកមនុស្ស៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ បន្ទាប់ពីពួកគេយកសត្វដង្កូវដួងដើមត្នោតមកបរិភោគ។
ករណីខាងលេីនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
បេីតាមអធិការនគរបាលស្រុកសង្គមថ្មី លោកវរសេនីយ៍ឯក ជួន មឿន បានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ រួមមាន៖
ទី១.ឈ្មោះ ប៉ុយ វីន ភេទប្រុសអាយុ២៨ឆ្នាំ បន្សាបបានទាន់ពេល។
ទី២.ឈ្មោះ ឌឹម សុភា អាយុ១៥ឆ្នាំបន្សាបបានទាន់ពេល។
ទី៣.ឈ្មោះ ប្រាជ្ញ ពិសី អាយុ៩ឆ្នាំបន្សាបទាន់ពេល។
ទី៤.មានឈ្មោះ ម៉ៅ លាន អាយុ២៨ឆ្នាំ បានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក ជួន មឿន បន្តថា ជនរងគ្រោះដែលមានគ្នា៤នាក់ បាននាំគ្នាទៅកាប់យកសត្វដង្កូវដួងនៅដើមត្នោតងាប់ក្បែរភូមិ។ក្រោយកាប់ដើមត្នោតងាប់នោះរួច ពួកគេរកបានសត្វដង្កូវដួងប្រមាណ១គីឡូក្រាមរួចហើយ ក៏ត្រឡប់មកផ្ទះវិញ។ ក្រោយបានសត្វដង្កូវដួងមកដល់ផ្ទះហើយពួកគេក៏នាំគ្នាយកសត្វដង្កូវដួងទៅបំពងជាមួយនឹងខ្លាញ់ រួចហើយក៏នាំគ្នាបរិភោគជាមួយបាយតាមធម្មតា។
លោកអធិការ បានបញ្ជាក់បន្ថែមថា ក្រោយបរិភោគបាយជាមួយសត្វដង្កូវដួងបំពងរួច រយៈពេលប្រហែលជា២ម៉ោង ពួកគេទាំង៤នាក់ក៏មានអាការៈរាគរុះ។ ដោយឥទ្ធិពលនៃសត្វដង្កូវដួងបំពងនោះ ពួកគេក៏បាននាំគ្នាយកផ្លែក្រូចឆ្មាច្របាច់លាយជាមួយនឹងទឹកក្តៅ ដើម្បីបន្សាប។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ ដោយសមត្ថកិច្ចសន្និដ្ឋានបានថា៖ សពជនរងគ្រោះពិតជាបានស្លាប់ ដោយសារពុលសត្វដង្កូវដួងដើមត្នោតនេះពិតប្រាកដមែន៕ ដោយ៖សហការី