ព័ត៌មានទាន់ហេតុការណ៍៖

បើទោះពិភពលោករងផលប៉ះពាល់ជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែ​ការចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២០ កើនឡើងដល់កម្រិតមួយមិនធ្លាប់មាន

ចែករំលែក៖

អន្តរជាតិ​៖​ បើទោះបីជាពិភពលោកទាំងមូលរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក្តី​ ប៉ុន្តែ​ការចំណាយលើវិស័យយោធារបស់ពិភពលោកក្នុងឆ្នាំ២០២០ កើនឡើងដល់កម្រិតមួយមិនធ្លាប់មាន។ ខណៈ​ការចំណាយយោធាក្នុងឆ្នាំ២០២០ មានទំហំទឹកប្រាក់១,៨៣លានលានដុល្លារ ដែលជាការកើនឡើង៣,៩ភាគរយធៀបទៅនឹងឆ្នាំ២០១៩។

បេីតាមការ​ចុះផ្សាយប្រចាំឆ្នាំដែលមានចំណងជើងថា «Military Balance» របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានទីតាំងនៅអង់គ្លេស ចំណាយផ្នែកយោធាកើនឡើងមួយផ្នែកដោយសារតែការពង្រីកកងទ័ពជើងទឹករបស់ចិន។ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក្តី កំណើនក្នុងការចំណាយវិស័យយោធាចិនសម្រាប់ឆ្នាំ២០២០ មានត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ ដែលទាបជាងកំណើនក្នុងការចំណាយ៥,៩ភាគរយក្នុងឆ្នាំ២០១៩។

ជាក់ស្ដែង​របាយការណ៍របស់ IISS ការចំណាយលើវិស័យយោធារបស់ចិនតំណាងឱ្យ១០,៦ភាគរយនៃចំណាយយោធាទូទាំងពិភពលោក ឬស្មើនឹង១៩៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ ចំណែក​ការចំណាយរបស់អាមេរិកមានទំហំ៤០ភាគរយនៃចំណាយសាកល ដោយមានទំហំ៧៣៨ពាន់លានដុល្លារ។

ដោយឡែក​ការងើបឡើងនៃកងទ័ពចិន ត្រូវបានរំលេចច្រើនក្នុងរបាយការណ៍នេះ។ របាយការណ៍ IISSដដែល​ ក៏បានលើកឡើងពីការពង្រីកកងទ័ពជើងទឹករបស់ចិន ជាពិសេសទំនើបកម្មដ៏គួរឱ្យកត់សម្គាល់នៃកងទ័ពជើងទឹក ដែលជាការឆ្លើយតបទៅនឹងជម្លោះក្នុងសមុទ្រចិនភាគខាងត្បូ។ រីឯការចំណាយរបស់ចិន ក៏នាំឲ្យប្រទេសដទៃផ្សេងទៀតបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួនដែរ។

ការចំណាយលើវិស័យយោធារបស់ចិន តំណាងឲ្យ២៥ភាគរយនៃចំណាយយោធាក្នុងទ្វីបអាស៊ី។ ជារួមកំណើនចំណាយយោធាក្នុងទ្វីបអាស៊ីកើនឡើង៣,៦ភាគរយក្នុងឆ្នាំ២០២០ ធៀបទៅនឹងកំណើន៣,៨ភាគរយដែលធ្លាប់មានកាលពីឆ្នាំ២០១៩។

សូមជម្រាបថា​ ចំពោះតំបន់អឺរ៉ុបវិញ ចំណាយលើវិស័យយោធាមានការកើនឡើងជារួមចំនួន២ភាគរយ ក្នុងឆ្នាំ២០២០។ ប្រទេសអឺរ៉ុបដែលជាសមាជិក NATO បន្តបង្កើនការចំណាយរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤ ដោយបារម្ភពីការឈ្លានពានដោយរុស្ស៊ី។ យ៉ាងណាក្តីប្រទេសទាំងនោះប្រហែលជាពុំទាន់អាចចំណាយលើវិស័យយោធាឱ្យបាន២ភាគរយនៃផលិតផលសរុបក្នុងស្រុក ដូចដែលបានគ្រោងទុកនៅឆ្នាំ២០២៤ខាងមុខឡើយ។ ក្នុងឆ្នាំ២០២០ មានប្រទេសអឺរ៉ុបចំនួន៩តែប៉ុណ្ណោះដែលចំណាយលើស២ភាគរយ។

គួរបញ្ជាក់ថា​ បើទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ក្តី ប្រទេសអឺរ៉ុបដូចជា៖​ បារាំង អង់គ្លេស អាល្លឺម៉ង និងអ៊ីតាលី ចៀសវាងកាត់បន្ថយចំណាយយោធាច្រើនជ្រុលដូចដែលធ្លាប់បានធ្វើក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧-២០០៨។ IISS និយាយថាប្រ ទេសមួយចំនួនកែប្រែថវិកាយោធា ដោយបង្វែរទៅជាជំនួយសេដ្ឋកិច្ច ខណៈប្រទេសខ្លះទៀតកាត់បន្ថយ ឬផ្អាកការបង្កើនចំណាយលើវិស័យនេះជាជាងកាត់បន្ថយចំណាយយោធាទាំងស្រុងតែម្តង។

ដោយឡែក​របាយការណ៍ប្រចាំឆ្នាំនេះ​ ក៏បង្ហាញផងដែរពីទំនើបកម្មនៃយុទ្ធោបករណ៍របស់ចិន និងរុស្ស៊ី ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផងដែរ។ ជាក់ស្តែង ចិន បានផលិតនាវាប្រយុទ្ធឡើងគោក Type-075 ទី២ នាវាប្រយុទ្ធType-055 ទី៨ និងនាវាប្រយុទ្ធអម Type-052D ទី២៥។ ស្របពេលជាមួយគ្នានេះ នាវាផ្ទុកយន្តហោះទីពីររបស់ចិនកំពុងធ្វើតេស្តក្នុងសមុទ្រ ចំណែកនាវាផ្ទុកយន្តហោះទីបីកំពុងផលិតផងដែរ។

ចំពោះបច្ចេកវិទ្យាវិញ ចិន និងរុស្ស៊ីចាប់ផ្តើមធ្វើទំនើបកម្ម និងជំនួសប្រព័ន្ធមីស៊ីលប្រយុទ្ធ និងការពារជំនាន់ចាស់ ដោយងាកទៅប្រើប្រាស់មីស៊ីលលឿនជាងសំឡេង និងមីស៊ីលប្រដេញ។ ប្រទេសទាំងពីរក៏ផ្តោតសំខាន់ផងដែរដល់ប្រាជ្ញាសិប្បនិម្មិត ដូចជា៖យានគ្មានមនុស្សបើកជាដើម។ ព្រោះ​​វិស័យទ័ពអាកាសរបស់ចិន មានឃើញមានទំនើបកម្មនូវប្រព័ន្ធប្រយុទ្ធដែរ។ ហេីយចិនក៏បង្កើនចំនួនយន្តហោះចម្បាំងធុន J-10C, J-16 និងJ-20 ក៏ដូចជាយន្តហោះដឹកជញ្ជូនធុន Y-20 ផងដែរ៕ដោយ​៖ស​ តារា​

រូបភាព​៖ South China Morning Post


ចែករំលែក៖