ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអង្គស្នួលចុះអប់រំណែនាំក្រុមជុំគ្នាលេងបាល់ទះ និងផឹកស្រាច្រៀងខារ៉ាអូខេបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល៖ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា៖ សូមជម្រាបលោកពូ ទីតាំងលេងបាល់ទះគឺចន្លោះម៉ោង ៣ ដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។ ចំណែកកន្លែងដែលមានការជួបជុំគ្នាផឹកស្រាច្រៀងខារ៉ាអូខេជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគាត់ដែរ ។ ទីតាំង ភូមិត្រយឹង (ដីឡូត៍ខាងកើតភូមិឈាងខាងជើង) ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ភ្លាមនោះ ក្រុមការងារប្រតិកម្មរហ័ស ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល​ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងចុះស្រាវជ្រាវករណីខាងលើ។

   ជាលទ្ធផល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យលេីករណីនេះ ឃើញថា មានមនុស្សមួយក្រុម០៦នាក់ ប្រុស (អ្នកលេងនិងអង្គុយមេីល) អាយុចន្លោះពី១៤ទៅ១៦ឆ្នាំ នាំគ្នាលេងកីឡាបាល់ទះ (លេងកម្សាន្ត ពុំមានការភ្នាល់ដាក់លុយនោះទេ) នៅលេីដីឡូត៍ទំនេរមួយកន្លែង ស្ថិតនៅភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពុំមានការផឹកស្រាច្រៀងខារ៉ាអូខេនោះទេ។ ពេលចុះទៅដល់កម្លាំងសមត្ថកិច្ចបានធ្វេីការអប់រំណែនាំដល់ពួកគាត់ ផ្អាកការជួបជុំជាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពសង្គម កាតព្វកិច្ចនៃការពាក់ម៉ាស់ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ទិសដៅបន្ត កម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះផ្សព្វផ្សាយអប់រំ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ការផ្សព្វផ្សាយច្បាប់នានា ពាក់ព័ន្ធការទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖