ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្តដឹកទំនិញធុនធំបើកបុកពីក្រោយនិងកិនអូសជិត១០ម៉ែត្រ​នៅគល់ស្ពានព្រែកជ្រៃបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមដងផ្លូវ​ ស្រាប់តែត្រូវបានរថយន្តហុីយ៉ាន់ដាយ​ដឹកទំនិញធុនធំបើកបុកពីក្រោយ​ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១​ និង ៣០នាទីរសៀលថ្ងៃទី៩​ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ​ ក្នុងភូមិបារគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

​ តៃកុងរថយន្តបង្កហេតុឈ្មោះ​ ប៉ក់​ កវី​ ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិព្រៃតាម៉ៅ​ ឃុំគីរីចុងកោះ​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ​ សុឹម​ ចាន់ឌឿន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នៅភូមិពពេល​ ឃុំខុនរ៉ង​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាស្កូពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខកំពង់ធំ​ 1D-6269 តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក​ហុីយ៉ាន់ដាយ​ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 3A-2722 បានបើកមកពីក្រោយក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ​ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្រ​បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម​នៅនឹងកន្លែងកើតហេតុ​ ចំណែកតៃកុងរថយន្តបង្កហេតុត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក​ ព្រមទាំងនាំតៃកុង​ និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ​ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ​ និងទាក់ទងទៅខាងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ភារ៉ា​ដង្កោ​


ចែករំលែក៖