ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាតែប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ផ្សព្វផ្សាយបន្ទាន់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញអង្គការសុខភាពពិភពលោកព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នាចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅមុខទៀត

ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទះរាលដាលដ៏អាក្រក់ដែលមិនធ្លាប់មានកន្លងមក អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីព្រមានធ្ងន់ៗមួយ ថាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួនអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្ករឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាកក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយ មេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ។”

អង្គការសុខភាពពិភពលោកសូមកោតសរសើរចំពោះការសម្រេចចិត្តផ្សេងៗរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអន្តរាគមន៍ជាគោលដៅ និងរួមបញ្ចូលគ្នានូវវិធានការសុខភាពសាធារណៈមិនមែនឱសថ ដូចជាការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ ចូល ពីខេត្តមួយទៅខេត្តមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានមានប្រសាសន៍បន្តទៀតថា, “យើងយល់យ៉ាងច្បាស់ចំពោះសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា និងទទួលស្គាល់នូវការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តដ៏លំបាកក្នុងការរឹតត្បិតការធ្វើដំណើរ ។ ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស

” ហើយពលរដ្ឋម្នាក់ៗត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត។”

រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជា ទីកន្លែងណាដែលមានមនុស្សច្រើនកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារបងប្អូន តែងតែរៀបចំពិធីជួបជុំក្នុងពេលឈប់សម្រាក។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា , “ប្រសិនបើលោកអ្នកជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារ នោះវីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។

នៅក្នុងឆ្នាំថ្មីនេះ សូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត ហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ។ ការអនុវត្តរបៀបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុតនូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!” សូម្បីតែលោកអ្នកដែលមានឱកាសបានចាក់វ៉ាក់សាំងហើយក៏ដោយ
ក៏ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការការពារកុំឲ្យវីរុសនេះ រីករាលដាលបន្តទៀត។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានពន្យល់ថា “វ៉ាក់សាំងការពារលោកអ្នកមិនឲ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង ហើយនិងចម្លងជំងឺទៅអ្នកផ្សេងទៀត ។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះ ព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត។
”មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ជាមេរោគឆ្លងលឿនដែលរហូតមកទល់នឹងពេលនេះ មានឆ្លងនៅក្នុងប្រទេសជាង ១២០នៅទូទាំងពិភពលោក ហើយក៏ត្រូវបានរកឃើញនៅប្រទេសកម្ពុជាផងដែរ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ការ ផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺខុសពីការរាតត្បាតនៃជំងឺនេះក្នុងពេលកន្លងមក។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 គឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងមុន ហើយបណ្តាលឲ្យឈឺជំងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើនដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ក៏ត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរដោយសារមេរោគបំប្លែងថ្មីមួយនេះ។
យើងត្រូវតែធានាឲ្យបានថារឿងដូច្នោះនឹងមិនកើតឡើងនៅប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏បានព្រមានដែរថា សូម្បីប្រជាជនដែលជឿជាក់ថាខ្លួនឯងមានសុខភាពល្អ ក៏អាចមានផ្ទុកមេរោគកូវីដ-១៩ដែរ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក្រើនរំលឹកថា “ពាក់កណ្តាលនៃអ្នកដែលត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅក្នុងការរាតត្បាតនៃជំងឺពេលបច្ចុប្បន្ននេះ មិនមានចេញរោគសញ្ញា ឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលមិនគិតថាខ្លួនឈឺ ក៏ត្រូវតែថែរក្សាខ្លួនហើយអនុវត្តវិធានការការពារ ដោយសារពួកគាត់អាចមានផ្ទុកមេរោគ និងចម្លងជំងឺទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តទៀតថា “កម្ពុជាកំពុងឈរនៅផ្លូវបំបែក។

អ្វីដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។ ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួមរបស់យើង។ ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះយើងអាចគ្រប់គ្រងការរាតត្បាតនៃជំងឺនេះបាន។ បើយើងមិនធ្វើដូច្នេះទេ ខ្ញុំបារម្ភថា ផលវិបាកចុងក្រោយ គឺជាគ្រោះមន្តរាយដ៏ធំ។ យើងត្រូវចូលរួមអនុវត្តវិធានការការពារអោយបានលឿនជាងមេរោគ។

ខ្ញុំសូមជូនពរដោយស្មោះស្ម័គ្រនូវសិរីសួស្តីដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បី សុវត្ថិភាពយើងទាំងអស់គ្នា! ”៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖