ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយសម្ភារ បរិក្ខារពេទ្យជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

       ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់សម្ភារ បរិក្ខារពេទ្យ ជូនដល់ក្រសួងសុខាភិបាលតាម​រយៈកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ ៣៥០ ០០០ ដុល្លារ​អាមេរិក។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរ​ជាតិ​កូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួងសុខាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ​-១៩ ​នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្ភារ​បរិក្ខារពេទ្យដែលផ្តល់ឱ្យនៅពេល​នេះ​រួមមាន RNA ExtractionKits​ ចំនួន​ ១៨ ៧៥០ SD Biosensor ចំនួន ១៤ ៤០០  សំឡី​ដើម្បីធ្វើ​ការ​​ប្រមូលយកសំណាក (swap) ចំនួន ៤២ ០០០ និងសម្ភារមួយចំនួនទៀត ដែលចាំបាច់​សម្រាប់​ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍​ដើម្បីពិនិត្យ​រក​មេរោគកូវីដ-១៩ ដែលមានទឹកប្រាក់សរុប​ប្រមាណជា ៣៥០ ០០០ ដុល្លារអាមេរិក។ សម្ភារ បរិក្ខារពេទ្យទាំងនេះ​នឹងត្រូវបានប្រើប្រាស់​ដោយមន្ទីរពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគកូវីដ​-១៩។  

បើតាម KOICA នេះមិនមែនជាលើកទី១ក្នុងការផ្តល់ជំនួយនោះទេ ទីភ្នាក់ងារ KOICA បានបន្តផ្តល់ជំនួយចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ខណៈដែល SD Biosensor ចំនួន ៨ ៦៤០ ត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ងារ KOICA កាលពីដើម​ឆ្នាំ២០២០។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីការឆ្លើយ​តបចំពោះកូវីដ-១៩ របស់ទីភ្នាក់ងារ KOICA (របៀបវីរៈដើម្បីកសាងភាពល្អប្រសើរក្នុង​ការប្រឆាំងកូវីដ-១៩​តាមរយៈ​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍)។

សូមបញ្ជាក់ថា កម្មវិធីនេះជាគំនិតផ្ទួចផ្តើមរបស់សាធារណរដ្ឋកូរ៉េ​ដែលធ្វើអន្តរាគមន៍​ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩តាមការគាំទ្រផ្សេងៗ។ ក្រៅពីជំនួយ​ដែល​បានរៀបរាប់ខាងលើ ទីភ្នាក់ងារ KOICA បានផ្តល់ជំនួយជាច្រើនទៀត​តាមរយៈកម្ម​វិធីនេះ ដូចជា៖  ការផ្តល់ជាទូយកសំណាកជំងឺកូវីដ-១៩ចំនួន២០គ្រឿង និងគ្រែសែងអ្នកជំងឺ​កូវីដ-១៩ចំនួន៦២គ្រែ។  ការផ្តល់សម្ភារ ការពារខ្លួនផ្សេងៗដូចជា ម៉ាស់ចំនួន ១០០ ០០០, ម៉ាស់​ពេទ្យចំនួន ៤ ៥០០, ជែលលាងដៃចំនួន ២ ០០០ ទៅកាន់មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

ការជួយទ្រទ្រង់ជនងាយរងគ្រោះតាមរយៈការឧបត្តម្ភ​នូវ​ស្បៀងអាហារ និង សម្ភារ​សង្គ្រោះបឋមនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៥ រួមមាន ខេត្ដ​កំពង់ស្ពឺ ក្រចេះ ឧត្តរមានជ័យ បាត់ដំបង និងខេត្ដសៀមរាប។ ការសហការជា​មួយ​អង្គការ​ជនភាសន៍​ខ្លួន​អន្តរជាតិលើការពង្រឹងលើការឆ្លើយតបទៅនឹងកូវីដ-១៩ ចំពោះអ្នក​ចំណាក​ស្រុក នៅច្រក​ចេញ-ចូល និងមណ្ឌល ចត្តាឡីស័ក នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្ដ​បាត់ដំបង, បន្ទាយ​មានជ័យ ឧត្តរមានជ័យ, សៀមរាប និង ខេត្ដព្រៃវែង៕

ដោយ៖ សូរិយា


ចែករំលែក៖