ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្រុង​ខេមរភូមិន្ទ​ នាំគ្នា​ផ្អើល​ឆោឡោ​ ខណៈ​ស្រ្តី​ម្នាក់​សង្ស័យ​វិជ្ជមាន​កូ​វីដ​១៩​ ​រត់ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​កោះកុង​

ចែករំលែក៖

ខេត្ត​កោះកុង៖​ ស្ត្រី​ម្នា​ក់​ បាន​លួច​រត់​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​កោះកុង​មក​ផ្ទះរបស់ខ្លួន ទាំង​រូបគាត់​កំពុង​ធ្វើការ​តាមដាន​ និង​ព្យាបាល​ស្វែង​រក​ជំងឺ​កូ​វីដ-១៩​ បានធ្វេីឲ្យ​ពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ផ្សារ​ចាស់ សង្កាត់ដងទង់​ក្រុង​ខេមរភូមិន្ទ មាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយអ្នកខ្លះ​បិទ​ទ្វារផ្ទះ​ជិត ហើយ​ខ្លះទៀតហាមប្រាម​មិន​ឲ្យ​កូនចៅ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​អនុវត្តន៍​វិធាន​ក្រសួងសុខាភិបាល​ និងប្រសាសន៍របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​​ “៣​ការពារ ៣​កុំ​”។​

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ភ្លាមៗ​ ក្រុមគ្រូពេទ្យ​ និងអាជ្ញាធរមានសមត្ថកិច្ច​ បានចុះ​ប្រតិបត្តិ​រហូត​ឈានដល់ចាប់ខ្លួន​យកទៅ​វិញ​ផងដែរ​។ ប៉ុន្តែ​សកម្មភាព ក៏ត្រូវ​បានប្រជាពលរដ្ឋ មានការ​សង្ស័យ​លើ​ចំណាត់ការ របស់​ក្រុមការងារ​យាមល្បាត​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ មានការធ្វេសប្រហែសខ្លាំងណាស់។​

​ទាក់ទិននឹងបញ្ហានេះដែរ​ បេីតាមការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​មន្ទីរពេទ្យខេត្តកោះកុង​ ​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១នេះ​ បានអះអាងថា មិនទាន់​ដឹងថា​ស្ត្រី​រូបនេះ មាន​រលាក​សួត​ឬ​យ៉ាងណា​នោះទេ តែ​ក្រុមគ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​បន្ត​។ តែ​ឥឡូវ​ត្រូវបាន​រកឃើញ និង​បញ្ជូនមក​មន្ទីរពេទ្យ​វិញ​ហើយ​។​

​ជាមួយគ្នានោះ​ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យ​ និង​លោក វេជ្ជ​បណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង មេត្តា​ពិនិត្យ​និង​តាមដាន​សកម្ម​ផ្នែក​ការងារ​យាមល្បាតរបស់​មន្ត្រី​ខ្លួន ឲ្យ​អនុវត្តន៍​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ចៀសវាង​ធ្វេសប្រហែស​បន្តទៀត ខណៈរដ្ឋាភិបាល​កំពុង​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងយកចិត្តទុកដាក់បំផុត​៕​ដោយ​៖សហការី​


ចែករំលែក៖