ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជិត១ខែនេះ អាជ្ញាធរ ចែក ស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ ម៉ឺនគ្រួសារ ហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃទី១៧ឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្ដ សហការជាមួយកងកម្លាំងកងទ័ព ដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។ ជាក់ស្តែង នៅថ្ងៃទី១៧ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦៩០០គ្រួសារបន្ថែមទៀត ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃនេះថា ៖ សម្រាប់ថ្ងៃទី១៧ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៦៩០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន៣០០០គ្រួសារ ខណ្ឌដង្កោ៥០០គ្រួសារ,ខណ្ឌសែន សុខ ១០០០គ្រួសារ ,ខណ្ឌព្រែកព្នៅ ៨០០គ្រួសារខណ្ឌឫស្សីកែវចំនួន៥០០០គ្រួសារ ,ខណ្ឌដូន ពេញចំនួន២០០គ្រួសារ , ខណ្ឌ៧មករា ៣០០គ្រួសារ,ខណ្ឌទួលគោក ១០០០គ្រួសារ , ខណ្ឌបឹងកេងកង៥០០គ្រួសារ ,ខណ្ឌច្បារអំពៅចំនួន១៦០០គ្រួសារ និងខណ្ឌកំបូលចំនួន ៣០០០គ្រួសារ ។
មន្ត្រីដដែលបន្តថា ៖ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៧ខែ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការ ជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួន៤២៧៧៥២គ្រួសារហើយ ។
សូមបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៌ខាងលើនេះ បាន ប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

ដោយ៖ សំរិត


ចែករំលែក៖