ព័ត៌មានទាន់ហេតុការណ៍៖

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើតេស្ត​រកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមមន្ត្រីសុខាភិបាលកម្ពុជា និងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា​ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានធ្វេីតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន​លោកកំពុងសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។

ប្រភពដដែល​ បន្ថែមទៀតថា​ មន្ត្រីសុខាភិបាល​ បានរកឃើញលោក ហែម ដារិទ្ធ មានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមានអ្វីធ្ងន់ធ្ងរនោះទេ។

ដោយឡែក​ជុំវិញការរកឃើញវិជ្ជមានជំងឺកូវីដ-១៩លើ អភិបាលខណ្ឌពោធិ៍សែនជ័យរូបនេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ ប៉ុន្តែ​កន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា​ ចំណែក​ក្រុមគ្រួសាររបស់លោក​ ហែម​ ដារិទ្ធ​ ទាំងមូលដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដ-១៩នោះឡើយ ក្រោយធ្វើតេស្តរួចមក៕

ដោយ​៖សហការី​


ចែករំលែក៖