ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ៖ ជូនដំណឹងក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា សម្រាប់ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ​៖ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្តីពីការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាស លេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាបថា​ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា រហូតមកទល់ពេលនេះ​ មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយទេ។ អាស្រ័យ​ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យនិង/ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក​ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

ជាចុងក្រោយ​​ អគ្គនាយកដ្ឋានពន្ធដារ​ សង្ឃឹមយ៉ាងមុតមាំថា៖ ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីជូនដំណឹង​ មានដូចខាងក្រោម​នេះ ​៖

ដោយ​៖សហការី​


ចែករំលែក៖