ភ្នំពេញ៖ បើយោងតាមមន្ត្រីសុខាភិបាលកម្ពុជា និងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានធ្វេីតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។
ប្រភពដដែល បន្ថែមទៀតថា មន្ត្រីសុខាភិបាល បានរកឃើញលោក ហែម ដារិទ្ធ មានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
ដោយឡែកជុំវិញការរកឃើញវិជ្ជមានជំងឺកូវីដ-១៩លើ អភិបាលខណ្ឌពោធិ៍សែនជ័យរូបនេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ ប៉ុន្តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ចំណែកក្រុមគ្រួសាររបស់លោក ហែម ដារិទ្ធ ទាំងមូលដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដ-១៩នោះឡើយ ក្រោយធ្វើតេស្តរួចមក៕
ដោយ៖សហការី