ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កង កម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយ ហត់ក្នុងការដឹកជញ្ជូនស្បៀង និងសម្ភារៈផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់លើផេក គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជាអំណោយរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ។
លោក គន់ គីម បានលើកឡើងថា សកម្មភាពរបស់នាយទាហានពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេបានខិតខំលើកដាក់ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា នាយទាហាន ពលទាហានទាំង អស់ពិតជាស្រលាញ់ប្រជាពលរដ្ឋ និងគិត គូរអំពីសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើ។
លោក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញដល់នាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំបំពេញកិច្ចការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ជាពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗទៀត។
លោក ទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់នាយទាហាន ពលទាហានទាំងអស់ត្រូវបន្ត អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន ៣ការពារ និង៣កុំ ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានឲ្យ ដឹងថា ក្នុងដំណាក់កាលជួបវិបត្តិកូវីដ-១៩ នេះ កងកម្លាំងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន៣០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយពួកគេបានធ្វើការដឹកជញ្ជូន លី វេចខ្ចប់ លើកដាក់គ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាស្របទៅតាមបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា