អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា មន្ត្រីចិនសរុបចំនួន ០៧នាក់ ត្រូវបានមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ពាក់ព័ន្ធការបង្ក្រាបលើក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។ ចំពោះទណ្ឌកម្មខាងលើនេះ ត្រូវបានរៀបចំ និងប្រកាសចេញដោយក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយមានគោលដៅដាក់បន្ទុក ទៅលើមន្ត្រីចិនមួយចំនួន ដែលបម្រើការងារឲ្យការិយាល័យតំណាងនៃរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង។
ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា មន្ត្រីចិនទាំង ០៧នាក់ ដែលទើបទទួលរងទណ្ឌកម្មនេះ គឺសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ នៅក្នុងការិយាល័យតំណាងចិនមួយនេះ។
បើតាមលោក អាន់តូនី ប្លែងគែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនទាំងនេះ គឺធ្វើឡើងដោយមើលទៅលើស្ថានភាពជាក់ស្តែង ដូចជាការពន្យារពេលបោះឆ្នោត, ការបណ្តេញសមាជិកសភា និងការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរទីក្រុងប៉េកាំង មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះនៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលចិន កន្លងមកនេះ តែងតែអះអាងថា ខ្លួនមិនអនុញ្ញាតឲ្យកម្លាំងពីបរទេស ឬក្រុមភេរវករណាមួយ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងខ្លួន និងបង្កអស្ថិរភាពនៅទីក្រុងហុងកុងជាដាច់ខាត៕ដោយ៖ស តារា
រូបថត៖AP លោក អាន់តូនី ប្លែងគែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក