ភ្នំពេញ÷ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកស្រាវជ្រាវឃាត់ខ្លួនពីករណីលួចមានស្ថានទម្ងន់ទោស, ដោយសារការគាស់ទម្លុះទម្លាយឆ្កឹះបំបែកគ្រាប់មេសោតូបលក់កាហ្វេចូលលួចយកម៉ាស៊ីនសម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង, ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង និងម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ៣១៣ ផ្លូវលេខ ១៦០ ក្រុមទី៣៨ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:១៤នាទីទៀបភ្លឺ ។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ភ័ណ្ឌ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកវត្ថុតាងចាប់យកមាន៖
– ម៉ាស៊ីនសម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង
– ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង
– ម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង។
សមត្ថកិច្ចបានត្រួតពិនិត្យកន្លែងកើតហេតុឃើញមានមេសោសូឡិច ចំនួន០២ ដែលជនរងគ្រោះបានចាក់ជាប់ជាមួយនឹងត្រយ៉ូវទ្វារតូបលក់កាហ្វេ ត្រូវបានជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពឆ្កឹះបំបែកគ្រាប់មេសោ (ចាប់យកនៅកន្លែងកើតហេតុ)។
ជនរងគ្រោះមានឈ្មោះ សេង កន្និការ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣១ ផ្លូវលេខ០១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច