អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីលោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត (Kongcheep Tantrawanit) អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានលើកឡើងថា៖ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-ocha) នាយករដ្ឋមន្រ្តីថៃ បានប្រាប់ក្រសួងការពារជាតិ និងកងទ័ពជើងទឹកថៃ (RTN) ឱ្យពិចារណាពន្យារការបញ្ជាទិញនាវាមុជទឹកចំនួន ០២គ្រឿងសិន រហូតដល់ស្ថានការណ៍ COVID-19 មានភាពប្រសើរឡើងវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ បាននិយាយថា៖ «ក្រសួង និងកងទ័ពជើងទឹកថៃបានដឹងហើយថា ស្ថានភាពជំងឺ COVID-19 នៅតែកំពុងជះឥទ្ធិពលដល់ប្រជាជនថៃយ៉ាងខ្លាំង… ដូច្នេះយើងបានយល់ព្រមពន្យារការទិញនាវាមុជទឹក ដែលបានគ្រោងទុកនៅឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាឆ្នាំ២០២២ នោះវិញហើយ។ ក្រសួងនឹងពិភាក្សាជាមួយក្រសួងការពារជាតិចិន ដែលនឹងលក់នាវាមុជទឹកដល់យើង អំពីតម្រូវការរបស់យើងដើម្បីពន្យារការបញ្ជាទិញ»។
គួរជម្រាបថា កងទ័ពជើងទឹកថៃ បានដាក់សំណើទិញនាវាមុជទឹកចំនួន ០២គ្រឿងទៅកាន់គណៈកម្មាធិការពិសេសរបស់សភា ដែលពិចារណាលើថវិកាសម្រាប់ឆ្នាំ២០២២ ដោយនិយាយថា វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការដាក់សំណើ ដើម្បីរក្សាកម្រិតនៃការត្រៀមខ្លួន របស់កងទ័ពជើងទឹកថៃ។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន និងគណបក្សប្រឆាំង។បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត ថ្លែងបន្ថែមទៀតថា៖ កងទ័ពជើងទឹក ក៏បានកាត់បន្ថយការចំណាយរបស់ខ្លួន ហើយបានជួយសន្សំថវិការដ្ឋាភិបាលចំនួន ៣.៣៧ពាន់លានបាតក្នុងឆ្នាំ២០២០ និង ៣.៤២ពាន់លានបាតក្នុងឆ្នាំ២០២១ផងដែរ៕ដោយ៖ស តារា
រូបថត៖បាងកកប៉ុស្តិ៍ លោកឧត្ដមសេនីយ៍ឯក Kongcheep Tantrawanit អ្នកនាំពាក្យក្រសួងការពារជាតិថៃ