ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណរឿង “នគរមាស” បានចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍CTN។ ពិតជាធ្វើឲ្យអ្នកគាំទ្រព្រះនាងតូចនរោត្តម ជេនណា ភ្ញាក់ផ្អើលទៀតហើយក្រោយពីព្រះនាងតូចអង្គនេះ បានបង្ហាញព្រះភក្ត្រក្នុងខ្សែភាពយន្តភាគថ្មីមួយនេះ។
ពេលខ្សែភាពយន្តនេះបានចាក់បញ្ចាំងជាផ្លូវការភ្លាមគឺផ្ទុះការគ្រាំទ្រភ្លែតតែម្តងក្រោយពីសំងំផលិតយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជិតមួយឆ្នាំ ដែលគេនៅចាំបានដែរថា ខ្សែភាពយន្តភាគបុរាណរឿងនគរមាស ត្រូវបានរៀបចំពិធីក្រុងពាលីចេញផលិតចាប់តាំងពីអំឡុងដើមខែសីហាឆ្នាំ២០២០។ ខ្សែភាពយន្តនេះដឹកនាំរឿងដោយលោក ជ័យ សម្បត្តិ និងចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់រួមគ្នាផងដែរ។
អ្វីដែលគេចាប់អារម្មណ៍នោះគឺជាខ្សែភាពយន្តដែលមានវត្តមានចូលរួមសម្តែងពីសំណាក់ព្រះនាងតូច នរោត្តម ជេនណា ខណៈដែលមុននេះត្រឹមតែជាការបង្ហាញTrailer នៃឈុតឆាកសម្តែងខ្លីនៃខ្សែភាពយន្តនេះប៉ុណ្ណោះគឺបានទាក់ចិត្តអ្នកនិយមទស្សនាខ្សែភាពយន្តភាគមិនតិចទេ ដ្បិតវាជារឿងភាពយន្តដែលសម្រិតសម្រាំងក្នុងការផលិតប្រកបដោយបច្ចេកទេសខ្ពស់ ការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតប្រណីតបែបខ្មែរបុរាណ សាច់រឿងជក់ចិត្ត ពិសេសប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់រួមគ្នាសម្តែងថែមទៀតផង។ នេះក៏ជាខ្សែភាពយន្តបន្ទាប់ដែលលេចព្រះភក្ត្រសិល្បករព្រះជន្មវ័យក្មេងពីកម្ពុជាគឺព្រះនាងតូចនរោត្តម ជេនណា បន្ទាប់ពីស្នាព្រះហស្តសម្តែងបានយ៉ាងស័ក្តិសម និងពេញចិត្តមហាជននៅក្នុងខ្សែភាពយន្តភាគរឿង «ទេពធីតាថ្កុលមាស»កន្លងទៅនោះ។ ព្រះនាងមានបន្ទូលថា ក្នុងខ្សែភាពយន្តនេះព្រះនាងសម្តែងជាតួអង្គកុមារី អប្សរ និងមានអត្តចរិតតួអង្គកាចឆ្នាសឆ្នើម និងរឹងមាំខុសពីរឿងមុន។ ព្រះនាងសង្ឃឹមដែរថាទស្សនិកជននឹងពេញចិត្តចំពោះស្នាដៃភាពយន្តថ្មីនេះផងដែរ និងមានការចាក់បញ្ចាំងពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។
គួរបញ្ជាក់ដែរថា នេះគឺជាស្នាព្រះហស្តថ្មីសម្រាប់ព្រះនាងតូចនរោត្តម ជេនណា បន្ទាប់ពីស្នាព្រះហស្តសិល្បៈថ្មីៗមួយចំនួនជាបន្តបន្ទាប់ទទួលបានការគាំទ្រច្រើនពីមហាជន ដែលមានទាំងការបង្ហើរព្រះសូរសៀងក្នុងបទចម្រៀងជាភាសាខ្មែរ ចិន ថៃជាដើម៕
ដោយ ៖ វឌ្ឍនា