ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ជា សុភក្រ្ត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ មួយកន្លែងមាន៣ទីតាំង(៣រណ្តៅ)រកឃើញម៉ាស៊ីនខួងចំនួន៣គ្រឿងនិងឃាត់ជនសង្ស័យ ចំនួន៦នាក់។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទីតាំងរ៉ែខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ បានធ្វើឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ចំណុចត្រពាំងធំ ភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ទីតាំងរ៉ែខុសច្បាប់នេះត្រូវសមត្ថកិច្ចឲ្យដឹងថា បានលួចលាក់ដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវដឹង ទើបឈានដល់ការរុករកឃើញ ម៉ាស៊ីនខួង(រ៉ែ)មាស ចំនួន៣គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យធ្វើ សកម្មភាពចំនួន៦នាក់។ យ៉ាងណាក៏ដោយសមត្ថកិច្ចស្រាវជ្រាវបន្ថែមជននៅពីក្រោយខ្នង។
មន្ត្រីកងរាជអាវុធហត្ថខេត្តបញ្ជាក់បន្ថែមថា ពេលនេះសមត្ថកិច្ចកំពុងតែបន្តរុករកម៉ាស៊ីនខួង និងសម្ភារៈបម្រើឲ្យបទល្មើសខុសច្បាប់បន្ថែមទៀត។ រីឯជនសង្ស័យទាំង ចំនួន៦នាក់ សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណកំពុងតែបន្តនីតិវិធីនៅឡើយ៕
ដោយ៖ស៊ុន ហេង